ភ្នំពេញ៖ ពិធីបិទមហាសន្និបាតវិសាមញ្ញរបស់ស.ស.យ.ក. បានបញ្ចប់អង្គមហាសន្និបាតរបស់ខ្លួន នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក. ប្រតិភូតំណាងទូទាំងប្រទេសសរុបប្រមាណ ១៥០០ នាក់។
មហាសន្និបាត បានពិនិត្យសម្រេចនិងអនុម័តលើការងារសំខាន់ៗមួយចំនួនរបស់ខ្លួន ដូចជា របាយការណ៍សកម្មភាពការងារសម្រេចបាន ឆ្នាំ២០១៨-២០២៣ ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣ ២០២៨» និងបានអនុម័តលើវិសោធនកម្មលក្ខន្តិកៈរបស់ខ្លួនផងដែរ។
សូមជម្រាបដែរថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្ដាលស.ស.យ.ក. បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស ស.ស.យ.ក. ។
ដោយឡែកគណៈកម្មាធិការកណ្តាលក៏បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ទៀ សីហា ជាអនុប្រធានស.ស.យ.ក. ព្រមទាំងសមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍បន្ថែមចំនួន០៩រូប រួមជាមួយសមាជិកសមាជិកាគណៈកម្មាធិការកណ្ដាលថ្មីបន្ថែមចំនួន ២០៣រូប កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕ អត្ថបទ រដ្ឋា









