កោះតៃវ៉ាន់៖ ការចាប់អារម្មណ៍កំពុងបង្វែរទៅកាន់ការបោះឆ្នោត ជ្រើសរើសមេដឹកនាំបន្ទាប់របស់កោះតៃវ៉ាន់នៅក្នុងឆ្នាំ២០២៤ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានបរាជ័យការបោះឆ្នោតក្នុងតំបន់កាលពីថ្ងៃសៅរ៍ ដោយសកម្មភាពរបស់មេដឹកនាំកោះនេះលោកស្រី Tsai Ing-wen ផ្ដោតលើប្រទេសចិននឹងជះផលអាក្រក់មកលើខ្លួនឯងវិញតាមរយៈអ្នកបោះឆ្នោត។
មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានលាលែងពីតំណែងជាប្រធានគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីការបង្ហាញលទ្ធផលមិនល្អរបស់ខ្លួនក្នុងការបោះឆ្នោតក្នុងស្រុក។ គណបក្សប្រឆាំងដ៏ធំគឺបក្ស Kuomintang ឬ KMT ដណ្ដើមបានជ័យជម្នះក្នុងការបោះឆ្នោតអភិបាលក្រុង និងតំបន់មួយចំនួនដែលដណ្ដើមបានអាសនៈចំនួន ១៣ ក្នុងចំណោម ២១អាសនៈដែលដាក់ឲ្យដណ្ដើមគ្នា រួមទាំងទីក្រុង Taipei ដែលសំបូរដោយអ្នកមានស្ដុកស្ដម្ភ និងចម្រុះជាតិសាសន៍។
គ្មានអ្នកជាប់ឆ្នោតណាម្នាក់បាននិយាយដោយផ្ទាល់ អំពីគោលនយោបាយលើប្រទេសចិន។ ប្រទេសចិនបានចាត់ទុកកោះនេះជាដែនដីរបស់ខ្លួន និងបានបង្កើនសកម្មភាពយោធាជុំវិញកោះនេះ ដើម្បីសង្កត់ពីការអះអាងសិទ្ធិរបស់ខ្លួនដែលធ្វើឲ្យមានក្ដីបារម្ភជាលក្ខណៈសកល ពិសេសដោយសារកោះតៃវ៉ាន់មានតួនាទី ជាទីតាំងផលិតឧបករណ៍ពាក់កណ្ដាលចម្លង ឬបន្ទះអេឡិចត្រូនិច៕
អត្ថបទ៖ សុខមាន