ភ្នំពេញ៖ មកដល់ពេលនេះ មានបេក្ខជនត្រៀមប្រឡងបាក់ឌុបឆ្នាំ២០២២ បាននាំគ្នាចាប់ផ្តើម ទៅបែរបន់ នៅព្រះអង្គដងកើខាងមុខព្រះបរមរាជវំាង ក្នុងជំនឿថា នឹងជួយឱ្យពួកគេឱ្យភ័យនៅពេលប្រឡងនិងប្រឡងជាប់ជាដើម។
បេក្ខជនត្រៀមប្រឡងបាក់ឌុបឆ្នាំ២០២២ ជាច្រើននាក់ បានប្រាប់ថា ពួកគេនាំគ្នាមកបែរបន់ នៅព្រអង្គដងកើនេះ ដោយសារទីនេះ ជាទីសក្ខារបូជាដ៏ពូកែស័ក្ដិសិទ្ធិ បែរបន់តែងបានដូចប្រាថ្នា ហើយពួកគេជឿជាក់ថា ការបែរបន់របស់ពួកគេនៅពេលនេះ នឹងក្លាយជារឿងពិត។
សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ ពួកគេបានត្រៀមរួចរាល់អស់ហើយ គ្រាន់តែមកបែរបន់នៅពេលនេះ ដើម្បីធ្វើយ៉ាងណាឱ្យខ្លួនឯងប្រាកដវិជ្ជា និងកុំឱ្យភ័យនៅពេលប្រឡងចាប់ផ្តើមតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០២១-២០២២នេះ មានបេក្ខជនចូលរួមប្រឡងប្រមាណជាង ១២ម៉ឺននាក់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ហើយលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំនេះសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ចំណែកខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានថ្លែងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២២នេះ នៅតែមានភាពតឹងរឹង ក្នុងនោះនឹងមានអ្នកសង្កេតការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងយុវជនសរុបប្រមាណជាង ៤៧០០នាក់ នឹងចូលរួមសង្កេតការណ៍ ក្នុងសម័យប្រឡងនេះ ៕ផលិត៖ គង់ រ៉េន