អ៊ីតាលី៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីដ៏ធំដែលបានវាយប្រហារលើកោះ Ischia ភាគខាងត្បូងប្រទេសអ៊ីតាលីបានកើនឡើងដល់ ៧នាក់ ខណៈមនុស្សប្រមាណ ១០នាក់ផ្សេងទៀតនៅបាត់ខ្លួន និងរាប់រយនាក់ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ។

បន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giorgia Meloni បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់កោះ Ischia ជុំវិញហេតុការណ៍ទឹកជំនន់ និងបំណាក់ដីខ្លាំង។ សេចក្តីថ្លែងការណ៍និយាយថា រដ្ឋាភិបាលបានផ្តល់ជំនួយចំនួន ២លានអឺរ៉ូ ឬ ២.១លានដុល្លារដល់ប្រជាជនក្នុងតំបន់។ ក្រសួងការពារជនស៊ីវិលរបស់អ៊ីតាលីនិយាយថា ប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការកាលពីរសៀលថ្ងៃអាទិត្យនៅក្នុងតំបន់ Casamicciola Terme ប៉ុន្តែស្ថានភាពអាកាសធាតុមិនអំណោយផល បានធ្វើឱ្យមានភាពស្មុគស្មាញដល់ការស្វែងរក។ កាលពីថ្ងៃអាទិត្យ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស ៦នាក់រួមទាំងក្មេងស្រីម្នាក់ ខណៈពួកគេបានបន្តស្វែងរកតាមដីល្បាប់នៅថ្ងៃទី២ ជាប់ៗគ្នាដោយព្យាយាមស្វែងរកមនុស្សបាត់ខ្លួន។

បំណាក់ដីដ៏ខ្លាំងបានវាយប្រហារនៅកោះកំសាន្តវិស្សមកាល ដ៏ពេញនិយមមួយកាលពីព្រលឹមថ្ងៃសៅរ៍បង្កមកពីភ្លៀងធ្លាក់ខ្លាំង ហើយបានបណ្តាលឱ្យមានដីល្បាប់ និងកម្ទេចកម្ទីជាច្រើនហូរកាត់កំពង់ផែ Casamicciola ធ្វើឲ្យបាក់រលំអគារ និងហូរនាំរថយន្តចូលទៅក្នុងសមុទ្រ។ អ្នកជំនាញបាននិយាយថា គ្រោះមហន្តរាយនេះកាន់តែធ្ងន់ធ្ងរឡើង ដោយសារការសាងសង់អគារដែលពុំមានការគ្រប់គ្រង នៅក្នុងតំបន់មានហានិភ័យខ្ពស់នៃបំណាក់ដីនៅលើកោះតំបន់ភ្នំ ដែលធ្លាប់ត្រូវបានវាយប្រហារកាលពីឆ្នាំ2017 ដោយមានរញ្ជួយដីកម្រិត 4.0រ៉ិចទ័របណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ ប៊ុនថន