ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបានបើកការប្រឡងសញ្ញាប័ត្រសិល្បៈ និងស្នាតកបត្រសិល្បៈ សម្រាប់ឆ្នាំសិក្សា២០២១ -២០២២ ទៅលើសិស្សប្រមាណជាង ១៦០នាក់របស់សាលាមធ្យមសិក្សាវិចិត្រសិល្បៈ។
ឯកឧត្តម ហេង កំសាន្ត នាយកស្តីទីសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ថ្លែងថា នៅក្នុងចំណោមការប្រឡងបញ្ចប់ការសិក្សាសិស្សចំនួន ១៦០នាក់នោះ មានសិស្សប្រឡងបញ្ចប់សិក្សាយកសញ្ញាប័ត្រសិល្បៈដែលមានតម្លៃស្មើសញ្ញបត្របឋមភូមិមានចំនួន៧៨នាក់ ស្រី ៤៤នាក់ និងសិស្សប្រឡងបញ្ចប់ការសិក្សាយកសញ្ញាប័ត្រស្នាតកបត្រសិល្បៈមានចំនួន៨២នាក់ ក្នុងនោះស្រី ៣៧នាក់ ដែលបានបង្កើតស្នាដៃសិល្បៈសម្រាប់ប្រឡងមានចំនួន១០១ស្នាដៃសិល្បៈ។
បើតាមបណ្តាសិស្សានុសិស្សថ្លែងថា នៅក្នុងដំណើរការសិក្សាឯកទេសសិល្បៈនេះ គឺយើងបានសិក្សាតាំងពីអាយុ៩ឆ្នាំមកម្ល៉េះ ហើយការសិក្សានោះប្រឈមការលំបាកច្រើន ប៉ុន្តែយើងនៅតែចង់សិល្បៈវាខ្លាំងណាស់ ដើម្បីថែរក្សាតម្លៃវប្បធម៌សិល្បៈខ្មែរឲ្យបានគង់វង្ស។
បេក្ខជន បេក្ខនារី ក៏បានថ្លែងដែរថា នៅពេលដែលគេប្រឡងជាប់ស្នាតកបត្រសិល្បៈនេះទៅ សិស្សមួយចំនួនធំគេនឹងបន្តការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទៅតាមមុខជំនាញដែលគេពេញចិត្ត ហើយខ្លះទៀត គេនឹងបង្កើតក្រុមសិល្បៈសំដែងរកចំណូលខាងក្រៅផងដែរ។
យ៉ាងណាក៏ដោយ ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងឲ្យបណ្តាបេក្ខជន បេក្ខនារីទាំងអស់ខិតខំសំដែង ប្រឡងសំដែងសិល្បៈទៅតាមកម្រិតបទដ្ឋានដែលសាលាបានបង្រៀន។
សូមបញ្ជាក់ថា ការប្រឡងបញ្ចប់សិក្សាយកសញ្ញាបត្រសិល្បៈ និងយកស្នាតកបត្រសិល្បៈនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈឆ្នាំសិក្សា២០២១ ឆ្នាំ២០២២នេះមាន២ដំណាក់កាល ៖ ដំណាក់កាលទី១ ប្រឡងផ្នែកចំណេះដឹងទូទៅ រយៈពេល២ថ្ងៃ ដោយបានចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា និងដំណាក់កាលទី២ ប្រឡងផ្នែកសំដែងរំបាំសិល្បៈ រយៈពេល៣ថ្ងៃ ដោយបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ៕ អត្ថបទ ស៊ុម សុខជា