ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុ ជានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត យ៉ង សាំង កុមារ ចូលជួបពិភាក្សាការងារនៅឯភូមិគ្រឹះរបស់សម្តេច បន្ទាប់ពីអតីតប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ បានសុំចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។
តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង សាំងកុមារ ព្រមទាំងលោក ឡឹក សុធា លើការងារកសិកម្ម ដែលលោកទាំងពីរនាក់ ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។
សូមបញ្ជាក់ថា លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីៗនេះ។ នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងពីមូលហេតុដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ។
តាមរយៈលិខិតស្នើសុំរបស់លោក យ៉ង សាំងកុមារ បានសង្កត់ធ្ងន់ថា«ដោយឃើញនូវគោល នយោបាយរបស់សម្តេចតេជោ លើវិស័យកសិកម្ម ដែលសម្តេចទើបបានប្រកាសថ្មីៗ ក្នុងនោះមានគោលនយោបាយ លើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជ ស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទី ផ្សារកសិផល ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំមកនូវផ្លែផ្កា និងប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋទាំងមូល។ គោលនយោបាយទាំងនេះ គឺដូចគ្នាទៅនឹងចំណេះដឹងនិងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំកន្លងមក»។
តាមរយៈលិខិតស្នើសុំនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់បន្ថែមផងដែរថា ការដែល លោកសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺដើម្បីចូលរួមអនុវត្តន៍ គោលនយោបាយខាងលើនេះ ឱ្យជោគជ័យនិងមានផ្លែផ្កា ក្នុងគោលបំណងលើកស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិជាដើម៕អត្ថបទ៖ បាន ចក់





