ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាដល់ធុរជនក្នុងស្រុក ត្រូវខិតខំប្រឹងប្រែងផលិតទំនិញប្រកដោយគុណភាព ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរិមា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាកម្ពុជា-កូរ៉េ ដែលនឹងចូលធរមានក្នុងពេលឆាប់ៗ ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា កម្ពុជាសម្រេចបានជោគជ័យលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ធុរជនក្នុងស្រុក ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន កិច្ចព្រមព្រៀងអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ ដែលត្រៀមចូលជាធរមាននៅថ្ងៃទី១ ខែ ធ្នូ ឆ្នំា ២០២២ ខាងមុខ។
ឯកឧត្តម បន្តថា ការបើកទីផ្សារនីមួយៗ និងផ្តល់អត្ថប្រយោជន៍ដល់ធុរជនក្នុងស្រុកកាន់តែច្រើនបន្ថែមទៀត តែទោះជាយ៉ាងនេះក្តី ធុរជនដែលជាអ្នកនាំចេញ ត្រូវតែខិតខំប្រឹងប្រែង ទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរិមា និងត្រូវស្វែងយល់ពីឯកសាររវាងកិច្ចព្រមព្រៀងនេះ និងខិតខំផលិតទំនិញឱ្យមានគុណភាពខ្ពស់ ដើម្បីឆ្លើយតតម្រូវការទីផ្សារ ខណៈការនាំចេញទៅប្រទេសមួយនេះ ទាមទារនូវលក្ខណៈតម្រូវមានស្តង់ដារខ្ពស់។
ធុរជនត្រូវជំរុញការផលិតឲ្យបានជាបរិមាណប្រកបដោយនិរន្តរភាព ដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រភពមួយ នៃចំណែកមួយក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទីផ្សារសកល។
ឯកឧត្តម បញ្ជាក់បន្ថែមថា បន្ទាប់ពីកម្ពុជាបានអនុវត្តនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាជាមួយចិន និងកិច្ចព្រមព្រៀងភាពជាដៃគូថ្នាក់តំបន់គ្រប់ជ្រុងជ្រោយអាសិបរួចមក ឃើញថាកំណើនៃការនាំចេញរបស់កម្ពុជាទៅទីផ្សារអាសិប ក្នុងនោះមានទីផ្សារចិន កូរ៉េ ជប៉ុន អូស្ត្រាលី ណូវេហ្សេឡង់ជាដើម ឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ ។ លើសពីនេះក្តីរំពឹងធំរបស់កម្ពុជា ទីផ្សារចិន គឺជាទីផ្សារធំមួយ ដែលស្រូបយកមុខទំនិញ ទំាងទំនិញចំណីអាហារ និងទំនិញកែច្នៃ រួមទំាងទំនិញវាយនភណ្ឌ ។
ចំណែកទីផ្សារកូរ៉េ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នឹងចូលជាធរមានក្នុងពេលខាងមុខនេះ ធ្វើឱ្យកម្ពុជារំពឹងថា ការនាំចេញទំនិញទៅទីផ្សារកូរ៉េ នឹងនាំទៅទំាងផលិតផលសំលៀកបំពាក់ ស្បែកជើង កង់ កាបូបសម្រាប់ធ្វើដំណើរ និងផលិតផលកសិកម្មផងដែរ៕អត្ថបទ៖ សុន រ៉ាឌី