កំពង់ចាម ៖ អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្តកំពង់ចាមទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តពិសេសលើការហូបចុកនិងទីកន្លែងស្នាក់នៅដែលមានអនាម័យល្អ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីម្សិលមិញបានចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាការពិនិត្យមើលអំពីការស្នាក់នៅ ការហូបចុករបស់អ្នកដែលកំពុងធ្វើចត្តាឡីស័ក និងស្នើដល់ពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០-កុម្ភៈ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីបង្កើនលទ្ធភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជំងឺដ៏កាចសាហាវមួយនេះបាននឹងកំពុងឆ្លងរាលដាលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភបំផុត។
ឯកឧត្តម បានអំពាវនាវដល់មន្រ្ដីប្រចាំការ ត្រូវរក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានឲ្យបានជាល់លាក់ អំពីតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខជូនពួកគេឲ្យបានទាន់ពេលវេលា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមប្រចាំការត្រូវរាយការណ៍ និងសុំយោបល់ដឹកនាំពីរដ្ឋបាលខេត្តឲ្យបាកលឿនបំផុត។
គិតមកដល់ព្រឹកថ្ងៃទី១៧ ខែមេសា នេះ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម មានប្រមាណ២៦០ នាក់។
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម រៀបចំសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងករណីទំហំនៃការឆ្លងរាលដាលនៅតែបន្តកើនឡើង៕
អត្ថបទ៖ ថុងសីហា