ភ្នំពេញ៖ ថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខ គឺជាការរៀបចំពិព័រណ៍សៀវភៅលើកទី៩។ ពិព័រណ៍សៀវភៅឆ្នាំ២០២២នេះ ជាពិព័រណ៍សៀវភៅធំជាងរាល់ឆ្នាំកន្លងៗទៅ ដោយនឹងមានស្តង់ពិព័រណ៍សៀវភៅរហូតដល់ចំនួន ១៩៧ ស្តង់។
ក្រោយខកខានដោយសារបញ្ហាកូវីដ-១៩ ពិព័រណ៍សៀវភៅថ្នាក់ជាតិ ត្រូវបានរៀបចំឡើងជាថ្មីក្នុងឆ្នាំ ២០២២នេះ។ ពិព័រណ៍សៀវភៅនេះ គឺជាការរៀបចំលើកទី៩ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន។ ពិព័រណ៍សៀវភៅលើកទី៩នេះ នៅតែបន្តរៀបចំឡើងនៅទីតាំងបណ្ណាល័យជាតិ ចាប់ផ្ដើមពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ " មួយថ្ងៃអាន មួយថ្ងៃដឹង"។
ក្នុងឱកាសសន្និសីទសារព័ត៌មាន នាព្រឹកនេះ ឯកឧត្តម គឹម ពិនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: លើកឡើងថា នេះជាការរៀបចំពិព័រណ៍ធំបណ្ដាឆ្នាំដែលបានរៀបចំកន្លង។
ជាក់ស្ដែងកន្លងទៅការរៀបចំធំបំផុត គឺមានស្តង់ពិព័រណ៍ត្រឹមចំនួន ១៤៥ស្តង់ប៉ុណ្ណោះ ខណ:ឆ្នាំនេះស្តង់ពិព័រណ៍បានកើនឡើងរហូតដល់ ១៩៧ស្តង់ ដោយនឹងមានសៀវភៅ ដាក់បង្ហាញនិងលក់បញ្ចុះតម្លៃជាច្រើន។
ឯកឧត្តម អនុរដ្ឋលេខាធិការបន្តថា ចំពោះគោលបំណងគឺដើម្បីផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ ជុំរុញទម្លាប់ការអានសៀវភាព ជុំរុញការយល់ពីគុណតម្លៃនៃការអាន និងបណ្ដុះទឹកចិត្តកុមារអោយស្រលាញ់ការអានតាំងពីវ័យកុមារភាព។
ពិព័រណ៍សៀវភៅនេះរៀបចំឡើងដោយភ្ជាប់ជាមួយសកម្មភាពសំខាន់ៗជាច្រើនផងដែរ ក្នុងនោះរួមមាន ការដាក់តាំងសៀវភៅពីអ្នកនិពន្ធ ពីបណ្ណាគារ រោងពុម្ព មានការរៀបចំវេទិកាស្ដីពីការបោះពុម្ពសៀវភៅតាមប្រព័ន្ធអេឡិចត្រូនិក ការបង្ហាញទាក់ទងនឹងអក្សរសាស្ត្រ អក្សរសិល្ប៍និងវិទ្យាសាស្ត្រ ការនិពន្ធសៀវភៅទៅជាភាពយន្ត ការទទួលបទពិសោធន៍ពីអ្នកនិពន្ធល្បីៗ ការអានរឿងនិងល្បែងកំសាន្តសិក្សាសម្រាប់កុមារ និងសកម្មភាពឆ្លើយសំណួរដើម្បីទទួលបានរង្វាន់។
តាមបទពិសោធន៍កន្លងទៅ ពិព័រណ៍សៀវភៅជាពិព័រណ៍ដែលទទួលបានការចូលរួមច្រើនជាងគេបំផុត ដោយធ្លាប់មានការចូលរួមពីកុមារ សិស្សនិស្សិត និងសាធារណជនទូទៅរហូតដល់ ១៨ម៉ឺននាក់៕ អត្ថបទ៖ គឹមហុក