ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងយុត្តិធម៌ បានថ្លែងថា ប្រទេសកម្ពុជា បាន និងកំពុងសិក្សារៀបចំបង្កើត និងដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលជាផ្នែកមួយ នៃប្រព័ន្ធតុលាការ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ខណៈវិស័យពាណិជ្ជកម្មនេះ បាននិងកំពុងមានការរីកចំរើនកាន់តែច្រើនឡើងនៅប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ស្តីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ រ៉ាហ្វាល ឡឺរ៉ូយ៉ាល់ភ្នំពេញ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម កាលពីឆ្នាំ២០២១ កន្លងទៅនេះ ដោយការបង្កើតនេះគឺក្នុងគោលបំណងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជករ ដែលបានមកធ្វើពាណិជ្ជកម្មនៅកម្ពុជា ហើយក៏ជាផ្នែកមួយក្នុងការកាត់បន្ថយនូវអំពើពុករលួយផងដែរ។
ឯកឧត្តមបានថ្លែងបន្តថា បច្ចុប្បន្ន វិស័យពាណិជ្ជកម្មបានរីកចម្រើនយ៉ាងខ្លាំង និងឆាប់រហ័សនៅ ក្នុងតំបន់ និងសកលលោកជាហេតុដែលនាំឲ្យមានការបង្កើតច្បាប់ទាក់ទងវិស័យពាណិជ្ជកម្ម និងតុលាការ ពាណិជ្ជកម្ម ដើម្បីគ្រប់គ្រង និងដោះស្រាយវិវាទផ្សេងៗនៅក្នុងវិស័យនេះ។ ទន្ទឹមនឹងនេះ វិស័យពាណិជ្ជកម្មនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈពាណិជ្ជកម្មទីផ្សារសេរីទ្វេភាគី និងពហុភាគីទាំងតំបន់ និងសកលលោក។«ប្រទេសកម្ពុជាបាននិងកំពុងសិក្សារៀបចំបង្កើត និងដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលជាផ្នែកមួយ នៃប្រព័ន្ធតុលាការ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។ តាមរយៈច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ តុលាការពាណិជ្ជកម្ម នៃសាលាដំបូងត្រូវបានបង្កើតឡើងដោយមានសមត្ថកិច្ចជំនុំជម្រះរឿងក្តីពាណិជ្ជកម្ម ដោយរួមទាំងក្ស័យធន ក្នុងរឿងពាណិជ្ជកម្ម ដោយអនុវត្តតាមបទប្បញ្ញត្តិ ស្តីពីនីតិវិធីពាណិជ្ជកម្ម»។
សូមបញ្ជាក់ថា សិក្ខាសាលាដែលបានកំពុងរៀបចំឡើងនាពេលនេះ មានការចូលរួមធ្វើបទបង្ហាញ ដោយវាគ្មិនដែលមានបទពិសោធន៍ក្នុងការអនុវត្ត និងទ្រឹស្តីពាក់ព័ន្ធនឹងវិវាទពាណិជ្ជកម្មមកពីស្ថាប័នជាតិ និងអន្តរជាតិលើបញ្ហាប្រឈម និងដំណោះស្រាយ ការអនុវត្តជាក់ស្តែង និងកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈ យ៉ាងសកម្ម និងផុសផុលពីសំណាក់វាគ្មិនជាតិ អន្តរជាតិ និងសិក្ខាកាមដែលមានវត្តនៅទីនេះទាំងអស់៕ អត្ថបទ៖ បាន ចក់