ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៥ គីឡូក្រាម ។
នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០ និង៣០នាទី កម្លាំងជំនាញការិយាល័យ ក.១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់ ។
នគរបាលបន្ថែមថា ជនសង្ស័យទាំង ២នាក់ដែលត្រូវចាប់ខ្លួន មាន១-ឈ្មោះ ស៊ិន សារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ជាជនជាតិ ខ្មែរ ។ ២-ឈ្មោះ នាក់ ស្រីអូន ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិ ខ្មែរ ដោយដកហូតវត្ថុតាងជាសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ICE ចំនួន ៥ដុំធំ ស្មើទម្ងន់ជាង ៥ គីឡូក្រាម ។
ចំពោះជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់បន្តតាមនីតិវិធី ៕ អត្ថបទ៖ តារាវុទ្ធី

