កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូ គឺលោក យ៉ាន់ ឌុយបូស អភិបាលក្រុង Bussy Saint Georges77 ប្រទេសបារាំង ចុះសហគមន៍ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីទស្សនកិច្ចលើការផលិតក្អមឆ្នាំងរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ។
ក្នុងពេលចុះទស្សនកិច្ច លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត បានណែនាំភ្ញៀវអោយស្គាល់នូវផលិតផលកុលាលភាជន៍ខ្មែរ ដែលមុខរបរស្មូនក្អមឆ្នាំង រួមទាំងវត្ថុតាំងលម្អផ្សេងៗទៀត ដែលធ្វើពីដីឥដ្ឋក្រហមនេះ គឺជាមុខរបរតពីដូនតា ដែលអ្នករស់នៅខេត្តកំពង់ឆ្នាំង ជាពិសេសអ្នកភូមិអណ្តូងឫស្សី ភូមិក្តីត្នោត និងភូមិត្រពាំងស្បូវ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ នៅតែរក្សាបានកេរដំណែលមួយនេះបន្តពី១ជំនាន់ ទៅ១ជំនាន់រហូតមកដល់បច្ចុប្បន្ន ។ គ្រឿងកុលាលភាជន៍ ដែលផលិតពីដីឥដ្ឋនេះ មិនត្រឹមតែជាជំនាញអាជីពបន្តជំនាន់នោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាអត្តសញ្ញាណពិសេសមួយផងដែរ សម្រាប់អ្នកខេត្តកំពង់ឆ្នាំងនៅពេលដែលគេបានឃើញក្អម និងឆ្នាំងដីដែលចេញពីស្នាដៃរបស់ពួកគាត់ ។
លោកបានបន្តថា អ្នកភូមិអណ្តូងឫស្សីប្រមាណ៩០ភាគរយ បាននាំគ្នាប្រកបរបរធ្វើក្អមឆ្នាំងនេះដែរ ព្រោះថាគ្មាននរណាម្នាក់ដែលថាមិនចេះជំនាញតពីដូនតាពួកគេនោះទេ ពោលគឺចេះទាំងក្មេងទាំងចាស់តែម្តង។ ភ្នំក្រាំងដីមាស បានចិញ្ចឹមប្រជាពលរដ្ឋបាន៣ភូមិ ព្រោះភ្នំនេះ គឺជាប្រភពវត្ថុធាតុដើមដ៏សំខាន់បំផុតដែលអ្នករស់នៅក្នុងភូមិអណ្តូងឫស្សី ភូមិក្តីត្នោត និងអ្នកភូមិត្រពាំងស្បូវ តែងនាំគ្នាទៅជីកយកដីនៅទីនោះមកប្រើប្រាស់ផលិតជាក្អមឆ្នាំង។
បន្ទាប់ពីទស្សនកិច្ចពីការស្មូនដីរួច ឯកឧត្តមរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលោក យ៉ាន់ ឌុយបូស អភិបាលក្រុង Bussy Saint Georges77 ប្រទេសបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារៈសិក្សា អង្ករ និងថវិកា ដល់សិស្សានុ សិស្សក្រីក្រក្នុងសាលាបឋមសិក្សាគីរីសុវណ្ណវង្សចំនួន១០០នាក់ ដើម្បីជួយសំរួលដល់ជីវភាពប្អូនៗផងដែរ៕ អត្ថបទ៖ ហុង វាស្នា









