ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ដែលមានវត្តមានចូលរួមពីក្រុមការងារចរចាអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចាជំពូកនីមួយៗ រួមមាន៖ ពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសម្រួលពាណិជ្ជកម្ម របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសហគ្រាសធុនតូចនិងមធ្យម-ល- ដើម្បីអាចទាញប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក្នុងបុព្វហេតុអភិវឌ្ឍន៍និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ណែនាំជូនក្រុមការងារចរចា ឱ្យបន្តខិតខំចរចាកិច្ចព្រមព្រៀងនេះ ដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះតាមការគ្រោងទុក សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមមាន អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។
សូមបញ្ជាក់ថា ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម គ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ នៅកម្ពុជានាពេលខាងមុខ។
គិតក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណជិត ២៨០លានដុល្លារអាម៉េរិក កើនឡើងជាង ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១៕អត្ថបទ៖ ឈិត បូរ៉ាវី