កោះកុង៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច ជំរុញដល់រដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត គប្បីធ្វើយ៉ាងណាអនុវត្តការចុះបញ្ជីដីរដ្ឋនេះឱ្យបានចប់ជាស្ថាពរត្រឹមដំណាច់ឆ្នាំ២០២៣ខាងមុខ ដើម្បីងាយស្រួលគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ចៀសវាងបាត់បង់គ្មានហេតុផលច្បាស់លាស់ តាមរយៈឃុបឃិតគ្នាដែលប្រឈមនឹងទោសទណ្ឌ។
ថ្លែងនៅរសៀលថ្ងៃទី២៨ ខែ វិច្ឆិកា លោក ម៉ាក់ ចាន់ដារ៉ា ប្រធាននាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីទិន្នន័យបឋមថា ដីរដ្ឋប្រមាណ ១៤៨ទីតាំងនៅក្នុងខេត្តកោះកុង បានចុះបញ្ជីធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិរួចរាល់ហើយ ប៉ុន្តែមាន២៤៤ទីតាំងផ្សេងទៀតមិនទាន់អនុវត្តចុះបញ្ជីនោះទេ។
លោក ម៉ាក់ ចាន់ដារ៉ា ក៏ណែនាំដល់រដ្ឋបាលខេត្ត ក្រុងស្រុកឃុំសង្កាត់ មន្ទីរ និងអង្គភាពពាក់ព័ន្ធ ពន្លឿនការស្រង់ទិន្នន័យសារពើភណ្ឌរបស់ខ្លួនឲ្យបានច្បាស់លាស់ រួចស្នើសុំចុះបញ្ជីដីរដ្ឋចំពោះទីតាំងណាមិនមានវិវាទកម្មរវាងរដ្ឋនិងរដ្ឋ ឬវិស័យឯកជន។ ហើយបុគ្គលតំណាងអង្គភាពសាមីចាំបាច់ចូលរួមសហការ ជាមួយក្រុមការងារអន្តរក្រសួង និងអ្នកពាក់ព័ន្ធ ក្នុងបំពេញសលាកប័ត្រព័ត៌មាន និងសំណុំឯកសារផ្សេងៗ។
បន្ទាប់ពីបានស្តាប់ព័ត៌មានពីទីតាំងដីរដ្ឋមិនទាន់ចុះបញ្ជីធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិនេះដែរ លោក អ៊ុក ភ័ក្ត្រា អភិបាលរងកោះកុង សំណូមពរដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញ ករណីមានចម្ងល់អ្វីមិនយល់ពីនីតិវិធីចុះបញ្ជី អាចចោទជាសំណួរមកកាន់មន្រ្តីជំនាញរបស់ក្រសួងសេដ្ឋកិច្ច ឬក្រសួងដែនដីបាន ក្នុងន័យងាយស្រួលអនុវត្តទៅតាមច្បាប់កំណត់។
បើតាមលោកអភិបាលរងខេត្តកោះកុង ការចូលរួមអនុវត្តធ្វើបញ្ជីសារពើភណ្ឌរបស់រដ្ឋ ជាកាតព្វកិច្ចរបស់សាមីមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ កុំឱ្យសាចទឹកដាក់គ្នាទៅវិញទៅមក ឬប្រឈមចំពោះមុខច្បាប់ យោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឈឹម មករា





