ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងក្រុមការងារអន្តរក្រសួង នៅថ្ងៃទី២៩ ខែវិច្ឆិកានេះបានអញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំដំឡើងឆាកប្រគំតន្ត្រី ទីតាំងរៀបចំស្តង់តាំងពិព័រណ៍ និងទីតាំងកម្សាន្តសប្បាយនានាទៀត ត្រៀមព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ជុំទី៣ នៅខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែធ្នូខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា មកដល់ពេលនេះ យើងបានត្រៀមខ្លួនរាល់អស់ហើយ ក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែធ្នូ ហើយនឹងរៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោកគ្នា ផ្តើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៤ ខែធ្នូនោះដែរ។
ឯកឧត្តម បន្តថា នៅសល់ពេលប្រមាណតែ១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យសមុទ្រ អមដោយព្រឹត្តិការណ៍មហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោកនឹងឈានចូលមកដល់ ហើយនៅតាមទីតាំងមួយចំនួន គឺបានចាប់ផ្តើមរៀបចំដំឡើងឆាកប្រគុំដន្ត្រី រៀបចំស្តង់ពិព័រណ៍ និងទីតាំងកម្សាន្តសប្បាយនានាទៀត ក៏ត្រូវបាននិងកំពុងរៀបចំបណ្តើរៗហើយ។
ឯកឧត្តម ថោង ខុន បន្តថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២២នេះ គឺយើងខិតខំរៀបចំឲ្យថ្មី ល្អប្លែក និងសប្បាយជាងបណ្តាឆ្នាំកន្លងទៅ ដោយសារព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ គឺមានប្រតិភូជាន់ខ្ពស់១២០រូបតំណាងក្លឹបឆ្នេរស្អាតជាងបំផុតលើពិភពលោកជិត៣០ឆ្នេរមកពីតាមបណ្តាប្រទេស គេក៏នឹងអញ្ជើញចូលរួមកម្សាន្តជាមួយយើងផងដែរ ហើយឆ្នាំនេះក៏ជាឆ្នាំដំបូងដែលយើងបានរួមគ្នារៀបចំបុណ្យសមុទ្រឡើងវិញ ខណៈព្រឹត្តិការណ៍នេះ បានអាកខានពីរឆ្នាំដោយសារការរាតត្បាតមេរោគកូវីដ១៩។
ឯកឧត្តម បញ្ជាក់ថា ប្រតិភូក្លិបឆ្នេរសមុទ្របំផុតស្អាតជាងគេលើសកលលោក ដែលបានបញ្ជាក់ថានឹងចូលរួម រួមមាន៖ ប្រទេសអ៊ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា ប្រទេសក្នុងតំបន់សមុទ្រការីបង់ វៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុ មានស្តង់តាំងពិព័រណ៍ជាង៣៥០ស្តង់ រួមមានស្តង់តាមក្រសួងស្ថានប័ន ស្តង់ក្លឹបឆ្នេរស្អាត ស្តង់ផលិតផលក្នុងស្រុក ស្តង់ស្ថានទូតបរទេស ស្តង់បង្ហាញភូមិម្ហូបអាហារ តង់វីថីមហាអាហារ ស្តង់អាហារខ្មែរ ស្តង់សហគ្រាស សំភារៈគ្រឿចក្រ សំលៀកបំពាក់ គ្រឿងអេឡិចត្រូនិចជាច្រើនទៀត អមដោយព្រឹត្តិការណ៍បាញ់កាំជ្រួច ប្រគំដន្ត្រីខ្នាតធំ ប្រកួតកីឡា៦ប្រភេទកីឡា និងមានកម្មវិធីកម្សាន្តសប្បាយតូចៗជាច្រើនទៀត ៕អត្ថបទ ស៊ុមសុខជា