ទួរគី៖ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសទួរគី ដើម្បីបង្កើតច្រករបៀងសន្តិសុខប្រវែង ៣០គីឡូម៉ែត្រតាមបណ្តោយព្រំដែនភាគខាងត្បូងជាមួយប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ខណៈការរំពឹងទុកនៃប្រតិបត្តិការយោធាថ្មីបានកើនឡើងកាលពីចុងសប្តាហ៍។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋធានី Ankara លោក Erdogan បាននិយាយថា គ្មាននរណាម្នាក់នឹងត្រូវបានរំខានដោយប្រតិបត្តិការយោធារបស់ទួរគីចូលទៅក្នុងប្រទេសស៊ីរីនោះទេ។ កាំភ្លើងធំផ្លោងត្រូវបានបាញ់ជារៀងរាល់ថ្ងៃពីប្រទេសទួរគី វាយប្រហារទៅលើគោលដៅអង្គភាពការពារប្រជាជនឃឺដ (YPG) រយៈពេលមួយសប្តាហ៍ ខណៈយន្តហោះចម្បាំងបានធ្វើការវាយប្រហារតាមអាកាស។ កងទ័ពទួរគីត្រូវការពេលតែពីរបីថ្ងៃប៉ុណ្ណោះដើម្បីត្រៀមខ្លួនសម្រាប់ការវាយលុកលើទឹកដីប្រទេសស៊ីរីភាគខាងជើង ហើយការសម្រេចចិត្តបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ ខណៈកងកម្លាំងទួរគីបានបាញ់ផ្លោងលើកងជីវពលឃឺដឆ្លងកាត់ព្រំដែន។ នៅពេលដែលការសម្រេចចិត្តជាផ្លូវការ ត្រូវបានគេរំពឹងទុកបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Erdogan ពុំបាននិយាយដោយផ្ទាល់អំពីបញ្ហានេះក្នុងអំឡុងពេលសុន្ទរកថារបស់លោកឡើយ។
ការកើនឡើងការបាញ់ផ្លោងកាន់តែខ្លាំងនៅតាមបណ្តោយព្រំដែន កើតមានឡើងបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកដ៏ឃោរឃៅ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរកីកាលពីពីរសប្តាហ៍មុន ដែលទីក្រុងអង់ការ៉ាបានដាក់កំហុសទៅលើកងជីវពលអង្គការពារប្រជាជនឃឺដ (YPG)។ ប៉ុន្តែអង្គភាព YPG បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែកនេះ ហើយបានឆ្លើយតបរាល់ពេលចំពោះការវាយប្រហារឆ្លងព្រំដែន ដោយការបាញ់ផ្លោងកាំភ្លើងធំ។ កន្លងមកទួរគីបានបើកការវាយលុកដោយយោធានៅក្នុងប្រទេសស៊ីរី ទៅលើអង្គភាពការពារប្រជាជនឃឺដ (YPG) ដោយចាត់ទុកថា អង្គភាពនេះជាស្លាបរបស់គណបក្សពលករឃឺដ (PKK) ដែលប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកជាក្រុមភេរវករ៕
អត្ថបទ៖ ប៊ុនថន