ភ្នំពេញ៖ សាលាមធ្យមសិក្សាវិចិត្រវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្សានុសិស្សចំនួនជាង៣០០នាក់ ចូលរៀនជំនាញសិល្បៈនានា ដែលការប្រឡងជ្រើសរើសសិស្សចូលរៀន ដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ នឹងចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០២២។
បើតាមលោក ហេង កំសាន្ត នាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់បន្ថែមប្រាប់BTV នៅថ្ងៃទី២៩ ខែធ្នូនេះថា ក្នុងចំណោមសិស្សជាង៣០០នាក់ ដែលនឹងជ្រើសរើស គឺមានអាយុចាប់ពី៩ឆ្នាំឡើងទៅ និងមានការរៀនសូត្រចាប់ពីកម្រិតថ្នាក់ទី៣ឡើងទៅ ដែលនឹងត្រូវចូលរៀនចំនួន៥មុខជំនាញផ្សេងៗគ្នា រួមមាន ជំនាញដូរតន្ត្រី របាំ ល្ខោន សៀក និងជំនាញសិល្បៈសូន្យ។
លោកបញ្ជាក់ថា សាលាមធ្យមវិចិត្រសិល្បៈគឺជាគ្រឹះស្ថានសិក្សាកម្រិតបឋមដល់កម្រិតទុតិយភូមិរបស់រដ្ឋតែមួយគត់ ដែលមានកម្មវិធីសិក្សាផ្ដោតសំខាន់លើវិស័យសិល្បៈវប្បធម៌ និងសិក្សាចំណេះទូទៅតាមកម្មវិធីសិក្សារបស់ក្រសួងអបរំយុវជន និងកីឡា។
លោក ហេង កំសាន្តបន្តថា នៅក្នុងដំណើរការការរៀន និងការបង្រៀនរបស់សាលានេះ គឺមានគោលបំណងអភិរក្ស ថែរក្សា បណ្ដុះបណ្ដាល និងផ្ទេរចំណេះជំនាញនិងបទពិសោធលើវិស័យសិល្បៈជូនដល់កូនខ្មែរជំនាន់ចេះចំណេះជំនាញសិល្បៈខ្មែរនៅគ្រប់ទម្រង់ទាំងអស់ដែលជារបស់ខ្មែរ៕ អត្ថបទ ស៊ុម សុខជា