ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បានណែនាំដល់បងប្អូនអាជីវករដែលមានរថយន្តដឹកដំឡូង និងម្ចាស់សៃឡូដំឡូងទាំងអស់ ដែលចរាចរលើដងផ្លូវត្រូវអនុវត្តន៍និងកំណត់ទម្ងន់ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ បច្ចេកទេសនៃការដឹកជញ្ជូនជៀសវាងមានបញ្ហាប្រឈមនានាជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ។
ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០២២នេះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា ចំពោះបងប្អូនដែលជាអាជីវករមានរថយន្តធំៗ និងម្ចាស់សៃឡូដំឡូងទាំងអស់ ធ្វើយ៉ាងណាត្រូវសហការគ្នាអនុវត្តន៍ចំពោះការផ្ទុកទំនិញ ឬដឹកទំនិញនានាដែលឆ្លងដែនមកទទួលទិញនៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ត្រូវអនុវត្ដន៍ការដឹកទំនិញឲ្យបានត្រឹមត្រូវដើម្បីយើងរក្សាថែទាំផ្លូវផ្នល់ឱ្យមានភាពរឹងមាំធនជាប់បានយូរ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម បានសំណូមពរដល់អាជីវករ និងក្រុមឈ្មួញទាំងអស់ ធ្វើយ៉ាងណាត្រូវរួមគ្នារក្សានូវតម្លៃដំឡូង ទាំងដំឡូងសើម និងដំឡូងស្ងួតឱ្យបានល្អប្រសើរចំពោះការទិញលក់ដំឡូងរបស់ប្រជាកសិករ នៅតាមបណ្តាលមូលដ្ឋាននានា។កត្តាទាំងអស់នេះហើយដែលធ្វើឱ្យប្រជាកសិករយើងមានឆន្ទៈក្នុងការបង្ករបង្កើនផលដាំដំណាំដំឡូងបន្តទៀត។
គួរបញ្ជាក់ថា ចំពោះការឆ្លងដែនរថយន្តរបស់ក្រុមឈ្មួញថៃគឺអនុវត្តន៍ឱ្យឆ្លងមកត្រឹមតែចម្ងាយ៣០ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានការយោគយល់ចំពោះការទិញលក់កសិផលពីប្រជាកសិករនោះ មន្រ្តីជំនាញបានអនុញ្ញាតឱ្យធ្វើចរាចរបានក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ធ្វើបែបនេះគឺដើម្បីសម្រួលដល់ប្រជាកសិករឱ្យមានភាពងាយស្រួលផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធិ





