កណ្ដាល ៖ កាលព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមដោយសមាជិក សមាជិកា គណៈកម្មាធិការសាខា, ប្រធានគណៈកម្មាធិការអនុសាខាទាំង១១ក្រុងស្រុក និងក្រុមប្រតិបត្តិសាខា សរុបចំនួន ៣២នាក់ នៅសាលប្រជុំទីស្នាក់ការរបស់សាខា ។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ក្រុមប្រតិបត្តិ សាខា-អនុសាខា កាកបាទក្រហមកម្ពជា ខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចមនុស្សធម៌ ក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនាពេលកន្លងមក។ លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ករណីគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ គឺមិនបានធ្វើឱ្យយើងដឹងមុនទេ ដូច្នេះការត្រៀមថវិកា ស្បៀង និងគ្រឿងឧបភោគ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។ ទន្ទឹមនឹងនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ត្រូវខិតខំស្វែងរកជនរងគ្រោះដែលត្រូវការជំនួយចាំបាច់ពីសាខា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ដែលកំពុងត្រូវការជំនួយក្នុងភូមិសាស្ត្ររបស់ខ្លួន ខ្វះការជួយ ឬយកចិត្តទុកដាក់ពីសាខា ឬអនុសាខាក្រុង-ស្រុកទាំង១១ នៅក្នុងខេត្តកណ្ដាលឡើយ។
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា សាខា បានអនុវត្តសកម្មភាពការងារវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះរួមមាន៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។ ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២នេះ សាខា និងអនុសាខា ក្រុង-ស្រុក បានចុះសួរសុខទុក្ខ និងចែកជំនួយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ នៅតាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត ចំនួន ៣,៨៤៤គ្រួសារ ។ សាខាបានជួយឧបត្ថម្ភថវិកាជួសជុលផ្ទះជូន ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ សរុបចំនួន ២៩១ខ្នង ស្មើនឹង ២៩១គ្រួសារ ៕ អត្ថបទ ៖ សំ ងីម







