ភ្នំពេញ ៖ អាជ្ញាធរជាតិព្រះវិហារបានបញ្ចប់គម្រោងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយឱ្យដឹងនៅ ថ្ងៃទី២៩ ខែធ្នូ។
ប្រភពដដែលឱ្យដឹងទៀតថា គម្រោងនេះសម្រេចបានលទ្ធផលដូចខាងក្រោម៖
១.អភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងពីថ្នាក់ទី៦ ដល់ទី៧
២.អភិរក្ស និងជួសជុលចម្លាក់តោចំនួន ២
៣.រៀបចំប្រព័ន្ធរំដោះទឹកខាងក្រោមកាំជណ្ដើរ និងសងខាងជណ្ដើរបុរាណ
៤.ផ្សព្វផ្សាយកម្មវិធីអប់រំបេតិកភណ្ឌដល់សិស្សសាលា
សូមបញ្ជាក់ថា ដំណាក់កាលទី១(ឆ្នាំ២០១៨-២០១៩) អាជ្ញាធរជាតិព្រះវិហារ បានសិក្សា និងវិភាគហានិភ័យផ្នែកស្ថាបត្យកម្មនៃជណ្តើរបុរាណខាងជើងទាំងមូល ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា សិក្សា និ ងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណ សាកល្បង ជួសជុល និងអភិរក្សជណ្តើរថ្នាក់ទី៥ និងចម្លាក់តោចំនួនមួយ។ ចំណែកឯដំណាក់កាលទី២(ឆ្នាំ២០២០-២០២១) បានអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើ ងពីថ្នាក់ទី២ ដល់ទី៤ អភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រវែង ៩ ម៉ែត្រ អភិរក្ស និងជួសជុលចម្លាក់តោចំនួន ១ និងគុជសីហ៍ចំនួន ១។
អជ្ញាធរជាតិព្រះវិហារនឹងបន្តអនុវត្តគម្រោងដំណាក់កាលទី៤ រយៈពេលពីរឆ្នាំ(២០២២ ដល់ ២០២៤) ដើម្បីជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ពីថ្នាក់ទី១១ ដល់១៤ ក្រោមជំនួយថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌៕ ដោយ៖ គង់ ឌិន








