ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលមាន ៥ជំពូក និង ១៤មាត្រា ត្រូវអង្គរដ្ឋសភាអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ទាំងមូល ដោយមានសំឡេងគាំទ្រ ៨៩ សំឡេ ង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ចេញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ផងដែរថា រដ្ឋសភានៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តសម័យប្រជុំលើកទី៨ នីតិកាលទី៦ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ រួមមាន៖
១- សេចក្តីស្នើវិសោធនកម្មប្រការ២ថ្មី (ពីរ) ប្រការ៥ថ្មី(ពីរ) ប្រការ១០ថ្មី(បី) ប្រការ ១៦ និងប្រការ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយបន្ថែមមាត្រា ៣ ស្ទួន
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
-ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍អន្តរជាតិ។
សម័យប្រជុំរដ្ឋសភានៅថ្ងៃនេះបានពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ទាំងនេះម្តងមួយៗ តាមនីតិវិធី៕ អត្ថបទ៖ គង់ ឌិន

