បន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងថា ការកសាងទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ការដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់អតីតយុទ្ធជន។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤ហិកតា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា កសាងដោយអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំយកនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងនឹករលឹកមកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។
ជាក់ស្តែង នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា ការផ្តល់អំណោយដី និងផ្ទះនាពេលនេះ គឺជាការឆ្លើយតបចំពោះការលះបង់ និងការលំបាករបស់អតីតយុទ្ធជនដែលបានពលីចំពោះជាតិមាតុភូមិ។ ជាមួយនឹងកសាងទីស្នាក់សមាគមនាពេលនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងបន្តថា នេះជាយន្តការមួយបន្ថែមសម្រាប់ឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តអាចទទួលការសំណូមពរ ឬដោះស្រាយតម្រូវការចាំបាច់ និងសេវានានាជូនអតីតយុទ្ធជនក្នុងខេត្តរបស់ខ្លួន។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ពិសេសថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ដោយបន្តលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។
បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវ បន្ត យកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំ-សង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នា ចុះជួប សំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទជាមួយអតីតយុទ្ធជនតាម ខ្នងផ្ទះនីមួយៗឱ្យប្រាកដថា គ្រួសារដែលជួបការលំបាកទាំងអស់ទទួលបានការជួយពី សមាគមអតីតយុទ្ធជនកម្ពុជា៕ អត្ថបទ ៖ សេក ឧត្តម









