ចិន៖ ទីភ្នាក់ងារសន្តិសុខជាន់ខ្ពស់របស់ប្រទេសចិន បានអំពាវនាវឲ្យបង្ក្រាបលើកម្លាំងអរិភាព បន្ទាប់ពីផ្ទុះការតវ៉ាដ៏កម្រប្រឆាំងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុស Covid-19 នៅក្នុងទីក្រុងជាច្រើនរបស់ចិនកាលពីចុងសប្ដាហ៍មុន។

ក្រុមមន្ត្រីបានសម្រុកទៅកាន់ទីតាំងតវ៉ានានា ដែលនៅពេលនេះមានសភាពស្ងប់ស្ងាត់ ខណៈក្រុមអ្នកតវ៉ាមួយចំនួននិយាយថា នគរបាលបានទាក់ទងពួកគេ ដើម្បីស្វែងរកព័ត៌មានអំពីកន្លែងស្នាក់នៅរបស់ពួកគេ។ ចំណែកក្រុមមន្ត្រីសុខភាពរបស់ប្រទេសនេះនិយាយថា ការបិទខ្ទប់នានាគួរតែត្រូវបានអនុវត្តន៍ និងបន្ធូរបន្ថយឆាប់ៗ។ ប្រទេសចិនបានកត់ត្រាចំនួនករណីឆ្លងថ្មីខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
កាលពីចុងសប្ដាហ៍កន្លងទៅ មនុស្សរាប់ពាន់នាក់ក្នុងប្រទេសចិនបានចេញតវ៉ាតាមដងផ្លូវនានា ទាមទារឲ្យបញ្ចប់ការវិធានការតឹងរ៉ឹងទាំងឡាយ ថែមទាំងមានការអំពាវនាវដ៏កម្រឲ្យលោកប្រធានាធិបតី Xi Jinping ចុះចេញពីតំណែងទៀតផង។ ប៉ុន្តែមានការបង្កើនវត្តមានកងកម្លាំងនគរបាលនៅក្នុងទីក្រុងសំខាន់ៗជាច្រើនរបស់ចិន រួមទាំងទីក្រុងប៉េកាំង និងសៀងហៃ ដែលទំនងជាដើម្បីទប់ស្កាត់ការតវ៉ាថែមទៀតកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ៕
អត្ថបទ៖ សុខមាន