រុស្ស៊ី៖ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមានសម្ព័ន្ធយោធាណាតូកាលពីថ្ងៃអង្គារ ទី២៩ វិច្ឆិកា ប្រឆាំងការផ្ដល់ជំនួយប្រព័ន្ធការពារមីស៊ីល Patriot ដល់អ៊ុយក្រែន ដោយហៅសម្ព័ន្ធនោះថាជាអង្គភាពភេរវកម្មចំពោះការផ្ដល់អាវុធ ជាអ្វីដែលលោកបានហៅថារបបជ្រុលនិយម។

លោក Medvedev ដែលធ្លាប់បានតាំងខ្លួនជាអ្នកធ្វើទំនើបកម្មសេរីនិយមជាប្រធានាធិបតីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានលេចចេញជារូបរាងកាន់តែខ្លាំងឡើង ក្នុងនាមជាអ្នកគាំទ្រដ៏ធំបំផុតនៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដោយបានបង្ហោះការបរិហារលោកខាងលិចនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោក។ លោក Medvedev បានសរសេរសារនៅលើបណ្ដាញ Telegram ថា ប្រសិនបើអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បង្ហាញសញ្ញាថា សម្ព័ន្ធណាតូនឹងផ្គត់ផ្គង់អ៊ុយក្រែននូវប្រព័ន្ធការពារមីស៊ីល Patriot ព្រមទាំងកងកម្លាំងណាតូ ពួកគេនឹងក្លាយជាគោលដៅស្របច្បាប់ភ្លាម សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង។ គេមិនច្បាស់ទេថា តើសាររបស់លោកសំដៅដល់ប្រព័ន្ធការពារមីស៊ីល Patriot ឬកងកម្លាំងអ៊ុយក្រែន ឬកងកម្លាំងណាតូដែលនឹងក្លាយជាគោលដៅរបស់រុស្ស៊ី៕
អត្ថបទ៖ សុខមាន