ភ្នំពេញ៖ ក្រសួងបរិស្ថាន គ្រោងនឹងពង្រីកការធ្វើយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តចំនួន៥ទៀត បន្ទាប់ពីបានធ្វើដោយជោគជ័យ នៅខេត្តចំនួន៦នាពេលកន្លងមក ខណៈកម្ពុជាជាប្រទេសទីមួយ នៅក្នុងតំបន់ ដែលផ្ដួចផ្ដើម និងធ្វើយុទ្ធនាការអន្ទាក់សូន្យនេះ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យនេះ មានគោល បំណងសំខាន់ចំនួន៣ ទី១. ដើម្បីផ្លាស់ប្ដូរនូវឥរិយាបថរបស់ពលរដ្ឋអំពីការហូបសាច់សត្វព្រៃ ការជួញដូរសត្វព្រៃត្រូវតែបញ្ឈប់, ទី២. ដើម្បីឲ្យសាធារណជន បានយល់ដឹងអំពីផលប៉ះពាល់ នៃអន្ទាក់ ព្រោះមិនមែនធ្វើឲ្យប៉ះពាល់ដល់សត្វព្រៃនោះទេ ក៏ធ្វើឲ្យប៉ះពាល់ទៅដល់សុវត្ថភាព របស់ មនុស្សដែរ, ទី៣. ដើម្បីផ្លាស់ប្ដូរនូវឥរិយាបថពលរដ្ឋ ដែលចូលចិត្តហូបសត្វព្រៃ សូមឲ្យ ពួកគាត់បញ្ឈប់ ព្រោះសត្វព្រៃធ្វើឲ្យប៉ះពាល់ដល់សុខភាព និងខ្លួនរបស់វាសម្បូរដោយវីរុស ។
ឯកឧត្តមបានបន្តថា បន្ទាប់ពីមានការយល់ដឹងច្រើនពីពលរដ្ឋ ទៅលើបញ្ហាអន្ទាក់ បញ្ហា សត្វព្រៃ និងមានការចូលរួមគាំទ្រដ៏ច្រើនលើសលុប នៃយុទ្ធនាការលើកទី១ ក្រសួងបរិស្ថាន និងបន្តសហការពីអង្គការដៃគូ រួមទាំងអាជ្ញាធរមូលដ្ឋាន នឹងបន្តយុទ្ធនាការនៅខេត្តចំនួន៥ ដែលស្ថិតនៅតំបន់ជួរភ្នំក្រវ៉ាញ ក្នុងនោះមានខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ឆ្នាំង កោះកុង និងខេត្តពោធិ៍សាត់ នៅពេលខាងមុខ ។
ឯកឧត្តម នេត ភក្ត្រា បានបញ្ជាក់ថា សម្រាប់យុទ្ធនាការលើកទី១ គឺត្រូវបានធ្វើឡើងនៅ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ មានមនុស្ស ជាង៣លាននាក់ ទទួលបានសារនានា ក្នុងរយៈពេល៦ខែ គឺចាប់ពីខែមីនា ត្រូវបានបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែការអប់រំផ្សព្វផ្សាយ នៅតែបន្តធ្វើក្នុងខេត្តទាំងអស់នេះ ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មន្ត្រីអភិរក្សរបស់ក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការដៃគូ បានរកឃើញអន្ទាក់ជាច្រើន ដែលក្រុមព្រានបានដាក់ក្នុងព្រៃ ត្រូវបាននាំយកទៅបំផ្លាញ់ រួម ទាំងសហការជាមួយកងកម្លាំង បង្ក្រាបបានករណីជួញដូរ និងលក់សត្វព្រៃបានជាបន្តបន្ទាប់ ផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ
