ភ្នំពេញ៖ សិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ៥ខែ ធ្នូ ឆ្នាំ ២០២២ខាងមុខ។ ខណៈការប្រឡងកាន់តែខិតជិតមកដល់ សិស្សដែលកំពុងត្រៀមសម្រាប់ការប្រឡងបានបង្ហាញការជឿជាក់ថាអាចសម្រេចបានលទ្ធផលល្អ ក្រោមហេតុផលការសិក្សាពេញមួយឆ្នាំ របស់ពួកគេដំណើរការប្រសើរ ពុំមានការបិទសាលាដូចឆ្នាំកន្លងនោះទេ។
គិតត្រឹមពេលនេះ ការប្រឡងបាក់ឌុបសម្រាប់សិស្សថ្នាក់ទី ១២ គឺនៅសល់រយៈពេលមិនដល់មួយសប្ដាហ៍នោះទេ។ កាលបរិច្ឆេទការប្រឡង គឺនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ និងថ្ងៃទី ៦ខែធ្នូ ឆ្នាំ ២០២២។ គិតមកទល់ពេលនេះ តាមរយៈកម្មវិធីសិក្សានៅតាមគ្រឹះស្ថានសិក្សា ក៏ជាវិសមាកាលឈប់សម្រាកសម្រាប់សិស្សផងដែរ។
កំឡុងពេលវិសមកាលនេះ សិស្សថ្នាក់ទី ១២មួយចំនួន នៅតែបន្តមកសាលារៀនជារៀងរាល់ថ្ងៃ ក្នុងគោលដៅជួបជុំមិត្តិរួមថ្នាក់សិក្សាជាក្រុមរួមគ្នា។ ជាក់ស្ដែងយុវជនចំនួន ៣រូប នៅវិទ្យាល័យបាក់ទូក បានមកជុំគ្នាសិក្សានៅសាលារៀនតាំងពីព្រឹកព្រលឹម។ ខណៈកំពុងសិក្សានេះ ពួកគេបានលើកឡើងនូវភាពជឿជាក់សម្រាប់ការប្រឡងនាពេលខាងមុខ។
ភាពជឿជាក់ដោយសារ ឆ្នាំសិក្សារបស់ពួកគេដំណើរការបានប្រសើរ សិក្សាបានពេញលេញពុំមានការបិទផ្អាកដំណើរការសាលារៀនដូចជាឆ្នាំសិក្សាកន្លងនោះទេ។
ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្របាក់ឌុប ក្នុងឆ្នាំនេះគឺមិនខុសពីការប្រឡងរាល់ឆ្នាំនោះទេ។ ក្រសួងអប់រំ យុវជន និងកីឡា គឺនៅតែរក្សាគោលការណ៍ ចេះគឺជាប់ ដដែល។
ក្រសួងអប់រំ កំណត់យកថ្ងៃទី ២ ខែធ្នូ សម្រាប់ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត ដឹកប្រធានវិញ្ញាសារទៅកាន់រាជធានី-ខេត្តរបស់ខ្លួនផងដែរ។ ឈានដល់ថ្ងៃទី ៤ មុនការប្រឡងមួយថ្ងៃ គឺប្រធានមណ្ឌលត្រូវបិទបញ្ជីឈ្មោះបេក្ខជន តារាងវិញ្ញាសារ បទបញ្ញត្តិសម្រាប់ការប្រឡង ប្លង់បន្ទប់ ស្លាកលេខបន្ទប់ នៅតាមបន្ទប់ប្រឡងនីមួយៗ។
ក្រោយពីការប្រឡងបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី ៧ ខែធ្នូ សម្រាប់ការបញ្ជូនហិបកិច្ចការរបស់បេក្ខជនទូទាំងប្រទេសត្រឡប់មករាជធានីភ្នំពេញ ដើម្បីធ្វើការពិនិត្យនានា មុននឹងឈានដល់ការកែក្រដាសកិច្ចការ៕ អត្ថបទ៖ គឹមហុក