ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសនៅយប់ថ្ងៃនេះថា បុរសជនជាតិខ្មែរ ២នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩នៅថ្ងៃនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់ដោយសារមេរោគផ្លូវដង្ហើមនេះ កើនដល់ ៤៥នាក់ហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលនិយាយថា បុរសជនជាតិខ្មែរម្នាក់អាយុ ៥៥ឆ្នាំ ដែលរស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា បានស្លាប់នៅម៉ោងជិត ១រសៀលថ្ងៃទី១៨ ខែមេសានេះ នៅឯមន្ទីរពេទ្យហ្លួងម៉ែ។
បើតាមក្រសួងសុខាភិបាល បុរសរូបនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលបុរី ១០០ខ្នង កាលពីថ្ងៃទី១៥ ខែមេសា បន្ទាប់ពីរកឃើញឆ្លងមេរោគកូវីដ១៩ ហើយបន្ទាប់មកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែនៅថ្ងៃនេះ។
ចំណែកឯបុរសម្នាក់ទៀតអាយុ ៤៩ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានស្លាប់នៅម៉ោងជិត ៣រសៀលថ្ងៃនេះ នៅឯមណ្ឌលសុខភាពចាក់អង្រែ។
បើតាមក្រសួងសុខាភិបាល បុរសរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែកាលពីថ្ងៃទី១៥ ខែមេសានេះ ក្រោយពីត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩។
ក្រសួងបញ្ជាក់ថា បុរសទាំង ២នាក់នេះ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីសួតរបស់ពួកគេរងការវាយប្រហារធ្ងន់ធ្ងរពីមេរោគកូវីដ ខណៈពួកគាត់សុទ្ធតែមានមានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ។
តួលេខផ្លូវការប្រកាសដោយក្រសួងសុខាភិបាល បង្ហាញថា ចំនួនមនុស្សស្លាប់ដោយសារមេរោគកូវីដ១៩សរុបរហូតមកដល់ថ្ងៃនេះ បានកើនឡើងដល់ ៤៥នាក់ហើយនៅក្នុងរយៈពេល ៣៧ថ្ងៃចុងក្រោយនេះ៕