រុស្ស៊ី៖ ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានផ្អាកការចរចាសម្រាប់សន្ធិសញ្ញាគ្រប់គ្រងការសាយភាយអាវុធនុយក្លេអ៊ែរ New START ព្រោះសហរដ្ឋអាមេរិកបានបរាជ័យក្នុងការទទួលស្គាល់ចំណុចអាទិភាពរបស់រុស្ស៊ី។ ប្រទេសទាំង២ បានគ្រោងចាប់ផ្ដើមជំនួបចរចាក្នុងទីក្រុងគែរ (Cairo) កាលពីថ្ងៃអង្គារក្នុងគោលបំណងបន្តការត្រួតពិនិត្យឡើងវិញ ក្រោមសន្ធិសញ្ញាទ្វេភាគី។

ទោះយ៉ាងណាកាលពីថ្ងៃចន្ទ ក្រសួងការបរទេសអាមេរិកបានប្រកាសថា រុស្ស៊ីបានផ្អាកការសន្ទនាទាំងនោះហើយ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov កាលពីថ្ងៃអង្គារបាននិយាយថា វានឹងលំបាកក្នុងការចាប់ផ្ដើមការពិភាក្សានៅចុងឆ្នាំនេះ។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកមិនត្រឹមតែបង្ហាញពីកង្វះខាតនៃបំណងប្រាថ្នាកត់ចំណាំពីសញ្ញាផ្សេងៗ ការទទួលស្គាល់ និងចំណុចអាទិភាពរបស់យើងប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញគំនិតផ្ទុយគ្នាទៀតផង។
កាលពីថ្មីៗនេះរដ្ឋាភិបាលអាមេរិកបាននិយាយថា ការចរចានានាត្រូវបានផ្ដោតលើការពិភាក្សាពីការរីកសាយភាយអាវុធនុយក្លេអ៊ែរ មិនមែនជាបញ្ហាជាប់ពាក់ព័ន្ធនឹងអ៊ុយក្រែននោះទេ។ ចំណែកក្រុមអ្នកឃ្លាំមើលសកម្មភាពនេះនិយាយថា រុស្ស៊ីអាចកំពុងស្វែងរកការចរចាជាមួយសហរដ្ឋអាមេរិក លើបញ្ហាជាច្រើនលើសពីសន្ធិសញ្ញានុយក្លេអ៊ែរទៅទៀត៕
អត្ថបទ៖ សុខមាន