កំពង់ឆ្នាំង៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់ឆ្នាំង បានសប្បាយចិត្ត និងថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អាគារសិក្សា១ខ្នង មាន៣ជាន់ ស្មើនឹង១២បន្ទប់ ជូនដល់កូនចៅនៅក្នុងសាលាបឋមសិក្សាអារញ្ញ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សមិទ្ធិផលដ៏ធំធេងនេះ នឹងផ្តល់នូវចំណេះដឹងសម្រាប់កូនចៅជំនាន់ក្រោយក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងសម្រាប់កសាងសង្គមគ្រួសារ និងសង្គមជាតិយើង។
តំណាងប្រជាពលរដ្ឋ៥នាក់បានអោយដឹងថា៖ ក្រោយពីសាលាបឋមសិក្សាអារញ្ញ ទទួលបាននូវអាគារសិក្សាមួយខ្នងមាន៣ជាន់ ស្មើនឹង១២បន្ទប់បែបនេះ ពួកគាត់ជាប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយជាពន់ពេក ដោយសារនាពេលកន្លងមក សាលាបឋមសិក្សាអារញ្ញនេះ មិនដែលទទួលបានសាលារៀនដែលធំខ្ពស់ និងទំនើបបែបនេះទេ។ ក្នុងនាមអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានផ្តល់អាគារសិក្សាមួយខ្នងនេះដល់កូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ ជាទីផ្តល់ចំណេះដឹងដ៏ល្អ និងប្តេជ្ញាជួយថែរក្សាអោយបានគង់វង្ស។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់អាគារសិក្សា១ខ្នងនេះ ដែលមានកម្ពស់៣ជាន់ ស្មើនឹង១២បន្ទប់ ជូនដល់កូនចៅនៅក្នុងសាលាបឋមសិក្សាអារញ្ញបានសិក្សារៀនសូត្រ។ អាគារសិក្សាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូនខេត្តកំពង់ឆ្នាំងជាច្រើន គឺមាននៅគ្រប់ស្រុកក្រុងទាំង៨នៃខេត្តកំពង់ឆ្នាំង រហូតដល់សាលាខ្លះ គឺសម្តេចបានជួយទាំងស្រុងតែម្តង។ សមិទ្ធផលថ្មីសន្លាងនេះ បានធ្វើអោយកូនចៅ ចាំមិនភ្លេចនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក្នុងការកសាងធនធានមនុស្សនៅកម្ពុជាអោយសម្បូរ ដើម្បីជួយកសាងប្រទេសជាតិអោយរុងរឿងទៅមុខទៀត៕ ហុង វាស្នា




