អឺរ៉ុប៖ អង្គការ NATO បានសន្យាជំរុញការគាំទ្ររបស់ខ្លួនដល់អ៊ុយក្រែន ដោយបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងជួយទីក្រុង Kyiv កសាងហេដ្ឋារចនាសម្ព័ន្ធថាមពលឡើងវិញ ដែលរងការបំផ្លាញយ៉ាងខ្លាំងដោយការបាញ់ផ្លោងរបស់រុស្ស៊ី។
ការសន្យាធ្វើឡើងបន្ទាប់ពីប្រធានអង្គការ NATO បាននិយាយថា ទីក្រុងមូស្គូកំពុងប្រើប្រាស់អាកាសធាតុត្រជាក់ក្នុងរដូវរងាជា «អាវុធសង្គ្រាម»។ រុស្ស៊ីកំពុងប្រើប្រាស់មីស៊ីលដ៏ឃោរឃៅ និងការវាយប្រហារដោយយានដ្រូនលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីធ្វើឱ្យអ៊ុយក្រែនជួបភាពត្រជាក់ និងងងឹតក្នុងរដូវរងានេះ។ រុស្ស៊ីបាននឹងកំពុងវាយប្រហារយ៉ាងខ្លាំងលើបណ្ដាញអគ្គិសនីរបស់អ៊ុយក្រែន ស្ទើររាល់សប្តាហ៍ចាប់តាំងពីខែតុលាមក។ ទីក្រុង Kyiv និយាយថា វាជាយុទ្ធនាការដោយចេតនាដើម្បីធ្វើឲ្យជនស៊ីវិលរងទុក្ខលំបាក ហើយចាត់ទុកសកម្មភាពនេះថាជាឧក្រិដ្ឋកម្មសង្គ្រាម។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានចោទប្រកាន់លោក Putin ពីការព្យាយាមធ្វើឲ្យប្រជាជនអ៊ុយក្រែនរងការត្រជាក់ខ្លាំង។
ប៉ុន្តែលោកមិនគិតថា វានឹងទទួលបានជោគជ័យនោះទេ ព្រោះប្រជាជនអ៊ុយក្រែនបានបង្ហាញពីភាពធន់ដ៏ច្រើន ហើយយើងនឹងបន្តជួយពួកគេក្នុងរយៈពេលច្រើនខែដ៏លំបាកនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា ស្ថានភាពនៅព្រំដែននៅតែលំបាក ដោយកងកម្លាំងរុស្ស៊ីព្យាយាមរុលចូលទៅកាន់តំបន់ Donbas និងទីក្រុង Kharkiv។ ទោះបីជាមានការបាត់បង់យ៉ាងធំធេងក៏ដោយ ក៏អ្នកឈ្លានពាននៅតែព្យាយាមរុលចូលទៅកាន់តំបន់ Donetsk ទទួលបានទីតាំងនៅតំបន់ Luhansk ហើយឆ្ពោះទៅទីក្រុង Kharkiv៕
អត្ថបទ៖ ប៊ុនថន