ភ្នំពេញ៖ ក្នុងថ្ងៃខួប៦ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញដល់ភាគីពាក់ព័ន្ធបន្តលើស្ទួយសិល្បៈចាប៉ីដងវែងតាមគ្រប់រូបភាព ។
មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានជំរុញដល់សាធារណៈជន និងភាគីពាក់ព័ន្ធបន្តលើកស្ទួយសិល្បៈចាប៉ីដងវែង តាមគ្រប់រូបភាព ពោលដូចជា ស្ថាប័នរដ្ឋ ឫឯកជន ពេលរៀបចំកម្មវិធីផ្សេងៗ អាចអញ្ជើញអ្នកជំនាញចាប៉ីដងវែង ចូលរួមក្នុងវិធី ដើម្បីទទួលបានថវិការជាការលើកទឹកដល់ពួកគាត់។ ក្រៅពីនេះ ឯកឧត្តម បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យវប្បធម៌ សិល្បៈខ្មែរផងដែរ។
លោក ពេជ្រ សារ៉ាត់ ប្រធានសមាគមចាប៉ីអមតៈ បានឲ្យដឹងដែរថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបនិងជាអ្នកបន្តវេនជំនាន់ក្រោយផ្នែកចាប៉ី ពិតជាមានក្តីរំភើបរីករាយ ដែលបានចូលរួមថែរក្សា អភិរក្សា ផ្សព្វផ្សាយ មរតកវប្បធម៌ខ្មែរ ដែលបានបន្សល់ទុកពីដូនតាជំនាន់មុន។ហើយដើម្បីអបអរខួប៦ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ សមាគមចាប៉ីអមតៈ បានរៀបចំពិធីនៅផ្សារទំនើបសូរិយា រាជធានីភ្នំពេញ ដោយមានការលេងចាប៉ី និងបង្រៀនចាប៉ីជាដើម។
ចាប៉ីដងវែងជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាថ្ងៃទី៣០ វិច្ឆិកា ២០១៦ ស្ថិតនៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។
គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិចំនួន៦ ដែលបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះរួមមាន៖របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និង គុនល្បុក្កតោ៕ អត្ថបទ៖ទូច សោភ័ណ