ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា គិតចាប់ពីដើមខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្នេះនេះ បានឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដើម្បីលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភសរុបចំនួនប្រមាណ ២១លានដុល្លារអាម៉េរិក។
នៅក្រោយសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំ ស្តីពីការអប់រំផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា តាមរយៈកម្មវិធីនេះ រដ្ឋបានផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តី និងកុមារក្រីក្រ ដែលមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ចំនួនជាង ២៩ម៉ឺននាក់។ ឯកឧត្តមបានបន្តថា ការផ្តល់ជូនរបស់រាជរដ្ឋាភិបាលទៅកាន់ស្រ្តីមានផ្ទៃពោះដែលខ្វះខាតនេះ គឺដើម្បីរួមចំណែកក្នុងការថែទាំសុខភាពទាំងម្តាយ និងទារកឲ្យមានសុខភាពល្អរឹងមាំ។
នៅក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យសិក្ខាកាមដែលជាមន្រ្តីក្រោមឱវាទក្រសួង និងដៃគូអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ចូលរួមផ្តល់ជាធាតុចូលបន្ថែមទៅលើការគោលការណ៍ណែនាំ ស្តីពីការអប់រំផ្សព្វផ្សាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអាចយកទៅអនុវត្តបានឲ្យកាន់តែមានភាពត្រឹមត្រូវនៅតាមដល់សហគមន៍ និងផ្តល់ជាបទពិសោធន៍ល្អៗបន្ថែមទៀតក្នុងការអនុវត្តកន្លងមក ដើម្បីផ្សារភ្ជាប់ជាមួយទ្រឹស្តី ក្នុងការជំរុញឲ្យការងារនេះកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ ផ្អែកតាមលទ្ធផល នៃការវាយតម្លៃដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបង្ហាញថា ការយល់ដឹងអំពីការថែទាំសុខភាពមាតានិងទារក និងអាហារូបត្ថម្ភរបស់គ្រួសារក្រីក្រនៅមានកម្រិត ពិសេសនៅតំបន់ដាច់ស្រយាល។ ម្យ៉ាងវិញទៀត អ្នកទទួលផលមួយចំនួនមិនបានយល់ពីគោលបំណងរបស់ប្រាក់ឧបត្ថម្ភនេះទេ ដោយពួកគេបានប្រើប្រាស់សាច់ប្រាក់នោះ ដើម្បីទិញម្សៅទឹកដោះគោទារក។ ជាក់ស្តែងសាច់ប្រាក់នៃការឧបត្ថម្ភនេះ គឺដើម្បីចូលរួមលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីក្នុងរយៈពេល ១០០០ថ្ងៃដំបូងនៃជីវិត៕(ដោយ៖ ឈិត បូរ៉ាវី)




