កីឡាជាតិ៖ កីឡាករ-កីឡាការិនីការ៉ាតេឆ្នើមៗ ដែលធ្វើបានល្អក្នុងការប្រកួតកីឡាជាតិលើកទី៣ អាចនឹងមានឱកាសជាប់ជម្រើសជាតិ។ នេះបើយោងតាមរបាយការណ៍គណៈកម្មការរៀបចំការប្រកួត លោក ដែក ភារៈ ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក្នុងពិធីបិទការប្រកួត ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។
បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាជាតិ ថ្នាក់ដឹកនាំគណៈកម្មការរៀបចំការប្រកួត បានធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការដោយរលូន កំឡុងការប្រកួតរយៈពេល ៤ថ្ងៃកន្លងមក ពិសេសគឺកម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីចូលរួមភាគច្រើនមានការរីកចម្រើនជាងមុន ទាំងលើផ្នែកកាតា និងប្រយុទ្ធ ហើយគណៈកម្មការរៀបចំបានសហការគ្នាយ៉ាងល្អ ក្នុងការកាត់សេចក្ដីប្រកបដោយវីជ្ជាជីវៈ និងយុត្ដិធម៌។ តាមរយៈនេះ មន្ដ្រីជំនាញបានធ្វើការស្នើសុំថ្នាក់ដឹកនាំសហព័ន្ធ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីដែលមានសមត្ថភាព និងមានឆន្ទៈខ្ពស់ចូលរួមក្នុងជម្រើសជាតិ ពិសេសចូលរួមជាមួយវិញ្ញាសាដែលត្រូវបានដាក់បញ្ចូលក្នុងស៊ីហ្គេម ដើម្បីត្រៀមលក្ខណៈឲ្យបានកាន់តែល្អប្រសើរ សម្រាប់ការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។ ដូច្នេះនេះគឺជាឱកាសល្អមួយសម្រាប់កីឡាករ-កីឡាការិនីដែលធ្វើបានល្អក្នុងការប្រកួតកីឡាជាតិឆ្នាំនេះ។
សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេក្នុងកីឡាជាតិលើកទី៣ នេះគឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១០២នាក់មកពី ៦ក្រសួង និងរាជធានី-ខេត្ត ដែលបានចាប់ផ្ដើមដំណើរការប្រកួតកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាលទ្ធផលអត្តពលិកមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេមានមេដាយមាស ៧ ប្រាក់ ១ និងសំរឹទ្ធ ៤ ខណៈខេត្តកំពង់ស្ពឺឈរលេខ២ ឈ្នះមេដាយមាស ២ ប្រាក់ ៤ និងសំរឹទ្ធ ២ គ្រាដែលក្រសួងការពារជាតិឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៥ និងក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ៣ ឈរលេខ៤៕
អត្ថបទ លី ឈុនឡា