ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានច្រានចោលនូវការចោទប្រកាន់នានា ដែលចោទថា កម្ពុជាមានអំពើពុករលួយ ស៊ីប្រាក់សំណូកសូកប៉ាន់ពីក្រុមហ៊ុន ជាថ្នូរនឹងអ្វីមួយ ហើយស៊ីប្រាក់ជំនួយពីបរទេស ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីខួប១០+១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ខូអិលធីឌី នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អ្នកនិយាយចេះតែនិយាយ គេថាកម្ពុជានឹងមានពុករលួយ ក្រុមហ៊ុនអីក៏ត្រូវតែយកលុយដែរ ត្រូវបង់ប៉ុណ្ណេះប៉ុណ្ណោះ ជាថ្នូរនឹងធ្វើអ្វីនៅកម្ពុជា ។
សម្ដេចតេជោ បានបន្តថា ចំណែកអ្នកខ្លះថាកម្ពុជាស៊ីជំនួយលុយពីបរទេស ដោយសម្ដេចបានជំរុញអ្នកទាំងនោះ ទៅសាក់សួរក្រុមហ៊ុនជប៉ុន និងទូតជប៉ុនបាន ពាក់ព័ន្ធនឹងការវិនិយោគ និងការផ្ដល់ជំនួយមកកម្ពុជានេះ ។
តែយ៉ាងណាជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជំរុញទៅមន្ត្រី ត្រូវខិតខំធ្វើការងារ ពាក់ព័ន្ធនឹងការសម្របសម្រួលធ្វើបែបបទផ្សេងៗ បង្កើតទំនុកចិត្តដល់វិនិយោទុន ដើម្បីមកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន ដែលអាចជួយបង្កើតការងារ ដល់ពលរដ្ឋបានធ្វើ ពិសេសកែប្រែនូវណុចខ្វះខាតផ្សេងៗ ៕ (អត្ថបទ៖បាន សុខរិទ្ធិ)
