រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា កងម្លាំងប្រដាប់អាវុធគួរតែប្រើប្រព័ន្ធអាវុធទំនើបថ្មីនៅក្នុងជម្លោះអ៊ុយក្រែន។ លោក Sergei Shoigu បាននិយាយនៅកិច្ចប្រជុំឧត្ដមសេនីយ៍ជាន់ខ្ពស់របស់ក្រសួងការពារជាតិថា វាចាំបាច់ក្នុងការបន្តទំនើបកម្មអាវុធ និងការបង្កើតប្រព័ន្ធអាវុធទំនើបដែលអាចទុកចិត្តបាន អំឡុងប្រតិបត្តិការសឹកពិសេសនេះ។

លោក Shoigu ដែលជាមនុស្សជំនិតបំផុតម្នាក់ ក្នុងចំណោមមនុស្សជាច្រើនរបស់លោកប្រធានាធិបតី Vladimir Putin ពុំបានបញ្ជាក់ច្បាស់ទេថា អាវុធទំនើបណាមួយដែលនឹងត្រូវប្រើ ទោះបីជាលោកបាននិយាយថា លោកចង់ពិភាក្សាជាមួយក្រុមឧត្ដមសេនីយ៍ពីមធ្យោបាយថ្មីនៃការបង្កើនសមត្ថភាពកាំភ្លើងធំ និងការវាយប្រហារដោយមីស៊ីលក៏ដោយ។
លោក Shoigu បាននិយាយថា មធ្យោបាយថ្មីៗនៃការប្រើប្រាស់អាវុធទាំងនោះក្នុងសមរភូមិប្រយុទ្ធ នឹងត្រូវបានសាក ល្បង។ នៅក្នុងប្រទេសអ៊ុយក្រែនលោក Shoigu បាននិយាយថា អាវុធសម្រាប់បាញ់កម្ទេចអាវុធរបស់សត្រូវ នឹងត្រូវបានពង្រឹងដោយប្រើប្រព័ន្ធរ៉ូកែតរយៈចម្ងាយឆ្ងាយដូចជា Tornado-S និងប្រព័ន្ធកាំភ្លើងធំដែលមានសមត្ថភាពខ្ពស់"Malka"។ លោកថា ផែនការនេះអាចកម្ទេចរ៉ូកែត និងប្រព័ន្ធកាំភ្លើងធំប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ សុខមាន