កីឡាជាតិ៖ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានជំរុញគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីត្រូវបន្ដខិតខំប្រឹងប្រែង និងដុសខាតសមត្ថភាពឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាសាងប្រវត្តិសាស្ដ្រថ្មី នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានបញ្ចប់ការប្រកួតរបស់ខ្លួនដោយជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។ ពិធីបិទនេះក៏មានការចូលរួមពីឯកឧត្តម វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកម្មពិសេស និងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាវាយសីកម្ពុជា ហើយឯកឧត្តមក៏បានឧបត្ថម្ភថវិកា ១ពាន់ដុល្លារដល់សហព័ន្ធសម្រាប់ប្រើប្រាស់ក្នុងការប្រកួតនេះផងដែរ។ ឯកឧត្តម លី កុសល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរៀបចំរបស់គណៈកម្មការបច្ចេកទេស ក៏ដូចជាការចូលរួមរបស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ទាំងកីឡាជនមិនមានពិការភាព និងជនពិការ។ លទ្ធផលទាំងនេះបានបង្ហាញពីភាពរីកចម្រើននៃវិស័យកីឡាវាយសីនៅកម្ពុជា ប៉ុន្ដែឯកឧត្តមបានផ្តាំផ្ញើដល់កីឡាករជ័យលាភី និងអ្នកមិនទាន់ដណ្តើមបានមេដាយកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំជាប្រចាំដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករមានសិទ្ធផលខ្ពស់ទាំងកីឡាករ គ្រូបង្វឹក និងចៅក្រុមអាជ្ញាកណ្តាល ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ រួមគ្នាសាងប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ និងការប្រកួតអន្ដរជាតិផ្សេងៗទៀត។
ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ឆ្លងកាត់ការរៀបចំ ៥ថ្ងៃលើប្រភេទកីឡាវាយសីគឺបានដំណើរការដោយរលូន ពិសេសគឺជាឱកាសល្អមួយសម្រាប់កីឡាករ-កីឡាការិនីវ័យក្មេង បន្ទាប់ពីក្រុមជម្រើសជាតិខកខានចូលរួមដោយសារការបោះជំរំហ្វឹកហាត់នៅចិន។ អ្វីដែលពិសេសគឺការអនុវត្តការងាររបស់មន្ដ្រីបច្ចេកទេសរៀបចំ និងដឹកនាំការប្រកួតតែម្ដង។ គួរបញ្ជាក់ថា កីឡាវាយសីបានចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៤៩នាក់មកពី ១១ក្រសួង និងរាជធានី-ខេត្ត។ ជាលទ្ធផលគឺក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេគឺឈ្នះមេដាយមាស ៣គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈ្នះមេដាយមាស ២ និងប្រាក់ ៤ ឈរលេខ២ និងខេត្តកណ្ដាលឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២ ឈរលេខ៣៕
អត្ថបទ៖ លី ឈុនឡា