កីឡាជាតិ៖ ការប្រកួតកីឡាប៊ីយ៉ា និងស្នូកឃ័រក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈ ៤ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅ។

លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការបង្ហាញខ្លួនលើកដំបូងក្នុងកីឡាជាតិរបស់កីឡាប៊ីយ៉ា និងស្នូកឃ័រនេះគឺមានកីឡាករ ២៥រូបមកពី ៦ក្រសួង និងខេត្តចូលរួមដែលធ្វើការប្រកួតលើ ៦វិញ្ញាសា។ ចំពោះការប្រកួតបានដំណើរការរៀបចំយ៉ាងរលូន ទាំងមន្ដ្រីបច្ចេកទេសរៀបចំ អាជ្ញាកណ្ដាល ចៅក្រម កាត់សេចក្ដី និងការបង្ហាញសមត្ថភាពរបស់កីឡាករ ដែលសបញ្ជាក់ឲ្យឃើញភាពរីកចម្រើនថ្មីមួយទៀត សម្រាប់សហព័ន្ធត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។
សម្រាប់លទ្ធផលបច្ចេកទេសក្នុងការប្រកួតនេះ ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេរួមមានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១ ខណៈខេត្តប៉ៃលិនឈរលេខ២ ឈ្នះមេដាយមាស ២ និងសំរឹទ្ធ ២ និងខេត្តកំពង់ចាមឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខរៀងទី៣៕
អត្ថបទ៖ លី ឈុនឡា