អ៊ុយក្រែន៖ កងកម្លាំងអ៊ុយក្រែនបានបាញ់ប្រព័ន្ធរ៉ូកែតពហុជំនាញ Bureviy ទៅលើគោលដៅមួយក្នុងតំបន់ Donetsk។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកត្រូវការប្រព័ន្ធការពារមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិក ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន ដែលរងការវាយប្រហារដ៏ខ្លាំងក្លាដោយរុស្ស៊ីនៅដើមរដូវរងានេះ។

មេបញ្ជាការកងទ័ពអ៊ុយក្រែនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីយប់ថ្ងៃពុធថា នៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដែលជាទីតាំងនៃសមរភូមិប្រយុទ្ធក៏ក្ដៅបំផុត កងកម្លាំងរុស្ស៊ីបានព្យាយាមរុលទៅមុខបន្ថែមទៀត និងបានបាញ់ស្រោចលើទីប្រជុំជនមួយចំនួនរួមទាំងទីក្រុង Bakhmut និងក្បែរទីក្រុង Soledar និង Opytne។ នៅឯជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធយោធាណាតូកាលពីថ្ងៃពុធវិញ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងក្រុមរដ្ឋមន្ត្រីបាននិយាយថា សម្ព័ន្ធមិត្តបានប្ដេជ្ញាជួយប្រទេសម៉ុលដូវ៉ា ហ្ស៊កហ្ស៊ី និងបូស្នី-ហ៊ើហ្សិនហ្គូវីណា (Bosnia-Herzegovina) ខណៈពួកគេប្រឈមសម្ពាធពីរុស្ស៊ី។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា លទ្ធផលបង្ហាញថា សម្ព័ន្ធណាតូពិតជាមិនចាប់អារម្មណ៍លើសេចក្ដីសម្រេចខាងនយោបាយ និងការទូតក្នុងប្រទេសអ៊ុយក្រែនឡើយ៕
អត្ថបទ៖ សុខមាន