បាល់ទាត់៖ ក្រុមជម្រើសជាតិអាហ្សង់ទីនទីបំផុតបានកែប្រែពីបរាជ័យប្រកួតដំបូងក្នុងពូល រហូតយកឈ្នះពីរប្រកួតចុងក្រោយដើម្បីឡើងវគ្គ ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតា។

ប្រកួតកាត់សេចក្តីនៅយប់ថ្ងៃពុធម្សិលមិញ អាហ្សង់ទីនបានយកឈ្នះប៉ូឡូញ ២-០ ដើម្បីបញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ ១ ដោយមាន ៦ពិន្ទុ។ Lionel Messi ត្រូវបានគេចាត់ទុកថា ជាតួអង្គសំខាន់ក្នុងការត្រួសត្រាយផ្លូវអាហ្សង់ទីនត្រលប់មកកាន់ជ័យជំនះ វិញតែខ្សែប្រយុទ្ធរបស់ PSG រូបនេះបែជាស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូលនៅនាទីទី៣៩។ យ៉ាងណាក្តីអាហ្សង់ទីននៅតែមានប្រៀបលើប៉ូឡូញ ទាំងការគ្រប់គ្រងបាល់ និងឱកាសស៊ុតបញ្ចូលទីរហូតរកបានគ្រាប់នាំមុខនៅដើមវគ្គទី២ ដោយខ្សែបម្រើរបស់ Brighton, Alexis MacAllister នៅនាទីទី៤៦ និងខ្សែប្រយុទ្ធ Man City, Julian Alvarez នៅនាទីទី៦៧។ ជ័យជំនះនេះគ្រប់គ្រាន់សម្រាប់អាហ្សង់ទីនដើម្បីឡើងវគ្គបន្តជួបជាមួយអូស្ត្រាលី តែប៉ូឡូញក៏មិនធ្លាក់ដែរដោយមាន ៤ពិន្ទុឈរលេខ ២ ឈ្នះគ្រាប់បាល់ចំណេញលើម៉ិកស៊ិក។
មួយគូទៀតក្នុងពូលនេះម៉ិកស៊ិកបានយកឈ្នះអារ៉ាប៊ីសាអ៊ូឌីត ២-១ ដើម្បីមាន ៤ពិន្ទុស្មើជាមួយប៉ូឡូញតែមិនអាចឡើងវគ្គបន្តបាន។ ម៉ិកស៊ិកបាននាំមុខ ២គ្រាប់មុនដោយ Henry Martin នាទីទី៤៧ និងមួយគ្រាប់ទៀតដោយ Luis Chavez។ គិតត្រឹម ២-០ នាំមុខនេះ ម៉ិកស៊ិកមានគ្រាប់បាល់ចំណេញស្មើគ្នានឹងប៉ូឡូញ តែនៅតែចាញ់ប៉ូឡូញបើគិតពីគោលការវិន័យ ដោយម៉ិកស៊ិកមានកាតលឿងតិចជាងម៉ិកស៊ិក។ យ៉ាងណាក្តីចុងក្រោយអារ៉ាប៊ីសាអ៊ូឌីតក៏រកបានគ្រាប់តាមពីក្រោយ ១-២ ដោយបាល់ពិន័យ ១១ម៉ែត្ររបស់ Salem Al Dawsari នាទីទី៩០+៥ មានន័យថា ម៉ិកស៊ិកមានគ្រាប់បាល់ចំណេញចាញ់ប៉ូឡូញ ១គ្រាប់។ ប៉ូឡូញនឹងត្រូវជួបជាមួយក្រុមការពារជើងឯកបារាំងនៅវគ្គ ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ