ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន៣នាក់ បានរងរបួស គ្រាកំពុងបំពេញបេសកកម្មបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសមាលី ។
ការបង្ហើបអំពីដំណឹងនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «កងទ័ពយើងក្នុងប៉ុន្មានថ្ងៃមុននេះ របួស៣នាក់ ក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលដែលកងទ័ពរបស់យើងធ្វើដំណើរ»។
បើតាមការឱ្យដឹងពី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា៖ កម្លាំងរក្សាសន្តិភាពកម្ពុជា៣រូបដែលបានរងរបួសដោយរថយន្ត MPV ជាន់ផ្ទុះគ្រាប់មីនកែច្នៃ IEDនោះ ទី១.ព្រិន្ទបាលត្រី ពេញ រស្មី តែកុងទ្បាន (មិនទាន់ទទួលបានព័ត៌មានលំអិត ទី២.ព្រិន្ទបាលត្រី ម៉ី គឹមថុង បុគ្គលិកពេទ្យ របួសក្បាល របួសស្រាល និងទី៣.ព្រិន្ទបាលត្រី ម៉ែន ថារ៉ា បុគ្គលិកស្រាវជ្រាវរុករក ថ្លោះចង្កេះ របួសធ្ងន់មិនទាន់កំរើកខ្លួនបាន។
បច្ចុប្បន្ន យោធិនរងគ្រោះត្រូវបានសង្គ្រោះតាមឧទ្ធម្ភាគចក្រពីកន្លែងកើតហេតុដឹកជញ្ជូនទៅព្យាបាលទីបញ្ជាការភូមិភាគខាងលិច Sector West (Tumbuktu) ដើម្បីទទួលការព្យាបាលនៅមន្ទីពេទ្យកម្រិត២ នីហ្សេរីយ៉ា។
សូមបញ្ជាក់ថា បច្ចុប្បន្នកងទ័ពមួកខៀវរបស់កម្ពុជា ជា៨០០នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពUNស្ថិតនៅប្រទេស៤ ដែលក្នុងនោះរួមមានប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល៕អត្ថបទ៖ ឈ្មោះ ស៊ុម សុខជា




