ចិន៖ សារព័ត៌មាន Xinhua បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនទទួលបន្ទុកការឆ្លើយតបវីរុស COVID-19 បានប្រាប់ក្រុមមន្ត្រីសុខាភិបាលកាលពីថ្ងៃពុធថា ប្រទេសនេះប្រឈមដំណាក់កាល និងបេសកកម្មថ្មីក្នុងការគ្រប់គ្រងវីរុសរាតត្បាតសកល ដោយចង្អុលបង្ហាញពីការកែសម្រួលចំពោះយុទ្ធសាស្ត្រគ្មានការឆ្លងរាលដាលវីរុសឬ “zero-Covid” របស់ទីក្រុងប៉េកាំង ដែលបានបង្កឲ្យមានការតវ៉ាជាច្រើនថ្ងៃនៅទូទាំងប្រទេស។

យោងតាមសារព័ត៌មាន Xinhua លោកស្រីឧបនាយករដ្ឋមន្ត្រីចិន Sun Chunlan បាននិយាយកាលពីថ្ងៃពុធថា ស្របពេលដែលមានករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron កើនឡើង អត្រាអ្នកចាក់វ៉ាក់សាំងកំពុងកើនឡើង ហើយបទពិសោធន៍នៃការគ្រប់គ្រងការផ្ទុះរាលដាល និងការទប់ស្កាត់ក៏កើនឡើងដែរ ចំណាត់ការទប់ស្កាត់ការឆ្លងរាលដាលវីរុសរាតត្បាតសកលរបស់ចិន ប្រឈមនឹងដំណាក់កាល និងបេសកកម្មថ្មី។

សារព័ត៌មាន Xinhua បានរាយការណ៍ថា សុន្ទរកថារបស់លោកស្រីពុំបាននិយាយពីវិធានការគ្មានការឆ្លងរាលដាលវីរុស COVID-19 ទេ ខណៈមួយថ្ងៃបន្ទាប់ពីគណៈកម្មការសុខាភិបាលចិនបាននិយាយថា ការកែតម្រូវវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសនាពេលបច្ចុប្បន្នកំពុងត្រូវបានអនុវត្តន៍ ហើយរដ្ឋាភិបាលក្នុងតំបន់គួរតែឆ្លើយតប និងដោះស្រាយការទាមទារនានាឲ្យបានសមហេតុផលតាមលំដាប់លំដោយ។ វិធានការបិទខ្ទប់នៅក្នុងស្រុកចំនួន៤ គឺស្រុក Liwan, Baiyun, Tianhe និងស្រុក Haizhu ត្រូវបានដកចេញ ខណៈវិធានការបិទខ្ទប់មួយចំនួននៅតែបន្តអនុវត្តន៍ក្នុងតំបន់ជាច្រើន ដែលចាត់ទុកជាតំបន់មានហានិភ័យខ្ពស់៕
អត្ថបទ៖ សុខមាន