កំពង់ស្ពឺ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីស្រី្តរំលូតគភ៌ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្កង ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ការបញ្ជាក់របស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះនាឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងករណីស្រី្តរំលូតគភ៌ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្កង(ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមកដល់ពេលនេះកំពុងសម្រាកព្យាបាលនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ, ដោយមានការចូលរួមពីសំណាក់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមនី្ទរពេទ្យកាល់ម៉ែត រួមជាមួយក្រុមការងារគ្រូពេទ្យជំនាញ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ហេតុការណ៍រំលូតគភ៌ក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង (ព្រៃទទឹង) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្លាមៗនោះ ក្រសួងសុខាភិបាលបានចាត់បញ្ជូន ក្រុមការងារបច្ចេកទេសរបស់ក្រសួង ដោយរួមសហការជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត កំពង់ស្ពឺ ចុះពិនិត្យស្រាវជ្រាវករណីកើតហេតុបណ្តាលមកពីការរំលូតគភ៌ក្នុងផ្ទៃស្រ្តីខាងលើ។
ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល មានការសោកស្តាយជាពន់ពេកនូវហេតុការណ៍រំលូតគភ៌ក្នុងផ្ទៃអាយុ ១៨សប្តាហ៍ របស់ស្ត្រីដែលមាន ឈ្មោះខាងលើ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែស បានអនុញ្ញាត ឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញជាឆ្មបមែន តែឆ្មបរូបនេះ នៅមិនទាន់ទទួលបានការបណ្តុះបណ្តាលបន្ថែមស្ដីពីការ រំលូតគភ៌នៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការ ណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។
បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះកំពុងតែសម្រាកព្យាបាល និងជួយសង្គ្រោះអាយុជីវិត ដោយយកចិត្តទុកដាក់ បំផុតពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ៕







