បាល់ទាត់៖ ក្រុមជម្រើសជាតិអូស្ត្រាលីបានឈានឡើងវគ្គ ១៦ក្រុមចុងក្រោយ World Cup ជាលើកដំបូងក្នុងរយៈពេល ១៦ឆ្នាំ បន្ទាប់ពីយកឈ្នះដាណឺម៉ាកប្រកួតចុងក្រោយក្នុងពូលគួរឱ្យភ្ញាក់ផ្អើល ១-០។ ដាណឺម៉ាកត្រូវការជ័យជំនះដាច់ខាតដើម្បីឡើងវគ្គបន្ត តែអូស្ត្រាលីធ្វើឱ្យអ្នកគាំទ្រដាណឺម៉ាកគាំងបាត់មាត់ តាមរយៈគ្រាប់បាល់ជ័យជំនះរបស់អូស្ត្រាលីនៅនាទីទី៦០ ដោយ Mathew Leckie។

អូស្ត្រាលីត្រូវបានគេមើលឃើញថាជាក្រុមលំដាប់ទាបជាងគេនៅក្នុងពូល D នេះមុន World Cup ចាប់ផ្តើម។ អូស្ត្រាលីឡើងវគ្គខ្វែងចុងក្រោយបំផុតតាំងពីឆ្នាំ២០០៦ World Cup នៅអាល្លឺម៉ង់ ជំនាន់របស់ Harry Kewell និង Tim Cahill តែធ្លាក់នៅវគ្គ ១៦ក្រុមក្រោមស្នាដៃរបស់អ៊ីតាលីនៅពេលនោះ។ នៅវគ្គ ១៦ក្រុមចុងក្រោយនៅកាតានេះ អូស្ត្រាលីនឹងឡើងជួបជាមួយអាហ្សង់ទីន។
ងាកមកមួយក្រុមទៀតទុយនេស៊ីបានយកឈ្នះបារាំង ១-០ ផងដែរតែក្រុមមកពីអាហ្វ្រិកមួយនេះមិនបានឡើងវគ្គ ១៦ក្រុមចុងក្រោយឡើយ។ មួយគ្រាប់ជ័យជំនះរបស់ទុយនេស៊ីសំរេចបានដោយប្រធានក្រុម Wahbi Khazi នៅនាទីទី៥៨ ខណៈបារាំងមានគ្រាប់បាល់តាមស្មើវិញនៅចុងម៉ោងដោយ Antoine Griezmann តែអាជ្ញាកណ្តាលមិនឱ្យក្រោយមើល VAR។ ជ័យជំនះនេះធ្វើឱ្យបារាំងឡើងវគ្គ ១៦ក្រុមចុងក្រោយដោយនឹងត្រូវជួបជាមួយប៉ូឡូញ។ ពូល D នេះបារាំងឈរលើគេក្នុងពូលមាន ៦ពិន្ទុស្មើគ្នានឹងអូស្ត្រាលី ខណៈទុយនេស៊ីមាន ៤ពិន្ទុ និងដាណឺម៉ាកមានត្រឹម ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ