ចិន៖ ប្រជាជនទីក្រុងប៉េកាំងកាលពីថ្ងៃពុធបានបង្ហាញការគាំទ្រ និងការយល់ដឹងចំពោះការតវ៉ាប្រឆាំងវិធានការរឹតត្បិតតាមអំពើចិត្ត ដែលបានធ្វើឡើងប៉ុន្មានថ្ងៃកន្លងទៅនេះនៅទីក្រុងជាច្រើនក្នុងប្រទេសចិន។ ពលរដ្ឋម្នាក់បាននិយាយថា ដោយមើលឃើញពួកគេកំពុងប្រយុទ្ធ ដើម្បីសេរីភាពគឺជាការបំផុសគំនិតយ៉ាងខ្លាំង ខណៈប្រជាជនផ្សេងទៀតបាននិយាយថា វិធានការបិទខ្ទប់មួយចំនួនគឺមិនចាំបាច់នោះទេ ហើយមិនចាំបាច់ដាក់ឱ្យធ្វើចត្តាឡីស័កក្នុងសង្កាត់ជិតខាងទាំងមូលនោះទេ។

ការតវ៉ានៅប្រទេសចិនដីគោកត្រូវបានបង្កឡើងដោយសារមានអគ្គិភ័យនៅក្នុងតំបន់ Xinjiang របស់ប្រទេសចិនកាលពីសប្តាហ៍មុនបណ្តាលឲ្យមនុស្ស 10នាក់ស្លាប់ដែលបានជាប់នៅក្នុងលំនៅឋានរបស់ពួកគេ។ គោលការណ៍ដ៏តឹងរ៉ឹងមានបំណងលុបបំបាត់វីរុស COVID-19 ដោយវិធានការបិទខ្ទប់ និងការដាក់ឱ្យធ្វើចត្តាឡីស័កបានក្លាយទៅជាការខកចិត្តភ្លាមៗ។ គោលការណ៍នេះបានទប់ស្កាត់ចំនួនអ្នកស្លាប់របស់ប្រទេសចិន ឲ្យនៅទាបច្រើនជាងប្រទេសដទៃទៀត ប៉ុន្តែវាបានកើតឡើងដោយការចំណាយពេលនៃការបង្ខាំង ឲ្យនៅក្នុងលំនៅឋានសម្រាប់មនុស្សច្រើនលាននាក់ និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសធំបំផុតទី២ របស់ពិភពលោក។
ជាមួយគ្នានេះ អាជ្ញាធរនៅទីក្រុងក្វាងចូវ (Guangzhou) ប្រទេសចិនបានបន្ធូរបន្ថយវិធានការរឹតត្បិតជំងឺ COVID-19 មួយថ្ងៃបន្ទាប់ពីក្រុមបាតុករនៅក្នុងទីក្រុងភាគខាងត្បូងបានប៉ះទង្គិចជាមួយនគរបាល ក្នុងពេលមានការតវ៉ាប្រឆាំងវិធានការតឹងរ៉ឹងរបស់ទីក្រុងប៉េកាំងដើម្បីគ្រប់គ្រងវីរុសឆ្លង។ ចិនបានដាក់វិធានការបិទខ្ទប់យ៉ាងទូលំទូលាយ និងការរឹតត្បិតការធ្វើដំណើរ ហើយបានធ្វើតេស្តទ្រង់ទ្រាយធំ ជាផ្នែកមួយនៃគោលនយោបាយគ្មានវីរុសកូវីដ-១៩ «Zero-COVID-19» របស់ខ្លួនដែលកំពុងធ្វើឲ្យមានកំហឹងកើនឡើង។ វិធានការរឹតត្បិតលើវីរុស Covid-19 ត្រូវបានបន្ធូរបន្ថយដោយផ្នែកភាគច្រើនលើពិភពលោក៕
អត្ថបទ៖ ប៊ុនថន