ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានប្រាប់ដល់សមត្ថកិច្ចទាំងអស់ មិនឲ្យមានការធូរលុង និងមេត្តាគ្មានហេតុផលបន្តទៀតនោះឡើយ ហើយថា ប្រសិនបើយើងមានការអាណិតអាសូរដល់ពួកគាត់ទៀត ការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅតែបន្ត ជាពិសេសនៅក្នុងតំបន់រោងចក្រ ដែលកំពុងតែផ្ទុះឡើងខ្លាំងនេះតែម្តង។
នៅក្នុងចុះត្រួតពិនិត្យគោលដៅ និងសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធចម្រុះ ដើម្បីត្រៀមល្បាត និងដាក់តាមគោលដៅនានា ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បើទោះជានៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានធ្វើការបិទខ្ទប់រាជធានីភ្នំពេញ មិនឲ្យឆ្លងកាត់ជាបណ្តោះអាសន្ន រយៈពេលពីរសប្តាហ៍ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបន្ថែមនូវមេរោគកូវីដ១៩ ក៏ដោយ ក៏មានបងប្អូនមួយចំនួនតូចពួកគាត់នៅតែបន្តដើរ ដោយគ្មានការភ័យខ្លាចដដែល ដូច្នេះចាប់ពីពេលនេះ តទៅគឺគ្មានការលើកលែងបន្តទៀតនោះឡើយ ហើយការចាប់ ការរឹតបន្តឹងរបស់យើងពេលនេះ គឺមិនមែនជាការបិទសិទ្ធិ សេរីភាពរបស់ពួកគាត់ទេ គឺជាការជួយពួកគាត់ឲ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ១៩ដ៏កាចសាហាវនេះ។
ឯកឧត្តមអភិបាល បានសង្កត់ធ្ងន់ថា«កងកម្លាំងទាំងអស់ ដែលបានមកពីអគ្គស្នងការនគរបាលជាតិ ស្នងការរាជាធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវសហការគ្នាដោយម៉ឺងម៉ាត់បំផុតដើរល្បាតនូវក្នុងតំបន់ភូមិសាស្រ្តសំខានៗ ជាពិសេសនៅក្នុងតំបន់រោងចក្រនេះតែម្តង ប្រសិនបើឃើញបងប្អូនប្រជាពលរដ្ឋណានៅតែដើរប្រសេចប្រសាចទៀត ត្រូវធ្វើការចាប់ពួកគាត់ឲ្យទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយការធ្វើបែបនេះរបស់យើងនាពេលនេះគឺមិនមែនជាការរឹតបន្តឹងសិទ្ធិអ្វីនោះទេ គឺធ្វើឡើងដើម្បីសេចក្តីសុខ និងអាយុជីវិតរបស់ពួកគាត់តែប៉ុណ្ណោះ ហើយប្រសិនបើយើងនៅតែអាណិតអាសូរដល់ពួកគាត់ អ្នកឆ្លងនូវមេរោគកូវ១៩នៅតែបន្តមាន ហើយធ្វើយ៉ាងណាហាមឃាត់ពួកគាត់ ឲ្យនៅផ្ទះរយៈពេល១៤ថ្ងៃនេះឲ្យបាន»។
ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅគោលដៅនានាទាំងអស់ ត្រូវតែធ្វើការហាមឃាត់ និងចាប់ភ្លាមៗ ចំពោះបុគ្គលណាដឹកនូវគ្រឿងស្រវឹង ហើយនាំបុគ្គលនោះទៅធ្វើការអប់រំ ឬ តាមនីតិវិធីច្បាប់ជាធរមាន ដូចអ្វីដែលស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ។ ហើយមកពីបណ្តាខេត្តចូលមកភ្នំពេញត្រូវហាមឃាត់មិនឲ្យចូលភ្នំពេញវិញរយៈពេល១៤ និងហាមចេញពីភ្នំពេញទៅតាមបណ្តាខេត្តវិញរយៈពេល១៤ថ្ងៃផងដែរ ដែលការហាមនេះគឺមិនឲ្យមានការរីករាលដាលនូវមេរោគនេះកាន់តែខ្លាំងឡើងថែមទៀតនោះ៕
អត្ថបទ បាន ចក់






