ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅឆ្នាំក្រោយនេះ ប្រទេសកម្ពុជា និងជប៉ុន នឹងក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ចំពេលខួបទី៧០ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរផងដែរ ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅឆ្នាំក្រោយ គឺជាឆ្នាំពិសេសចំពោះកម្ពុជា និងប្រទេសជប៉ុន ព្រោះសម្ដេច និងនាយករដ្ឋមន្ត្រីជប៉ុន នៅឆ្នាំនេះ បានជួបគ្នាចំនួន៤ដងហើយ ក្នុងនោះនាយករដ្ឋមន្ត្រីជប៉ុន មកកម្ពុជាចំនួន២ដង ហើយសម្ដេចបានទៅជប៉ុនចំនួន២ដង ។
សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងពេលជួបគ្នានេះ ប្រទេសទាំងពីរ បានសម្រេចជាមួយគ្នានូវការ លើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីចំណុចវិជ្ជមានជាច្រើន រវាងចំណងមិត្តភាពកម្ពុជា-ជប៉ុន ពាក់ព័ន្ធនឹងការផ្ដល់ជំនួយរបស់ជប៉ុនមកកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យនានា ក្នុងទំហំទឹកប្រាក់ដ៏ច្រើន រួមទាំងការមកវិនិយោគជាបន្តបន្ទាប់ពីសំណាក់វិនិយោគិនជប៉ុន ហើយសម្ដេចបានសម្ដែងការស្វាគមន៍ ចំពោះគោលបំណងរបស់ក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសកម្ពុជា ។
កាលពីកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីពេល កន្លងទៅថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ហ៊្វូមីអូ គីស៊ីដា ក៏បានដឹកនាំគណៈប្រតិភូមកចូលរួម ហើយមានជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ជាប្រធានអាស៊ានឆ្នាំ២០២២ ពិភាក្សារឹតចំណងកិច្ចសហប្រតិបត្តិការ រួមទាំងការផ្ដល់ជំនួយដល់កម្ពុជាផងដែរ ៕សម្រួល៖ យន់ វ៉ាន់
