ប៉ាគីស្ថាន៖ នគរបាលប៉ាគីស្ថានបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមតាលីបង់ប៉ាគីស្ថានម្នាក់ បានវាយប្រហារក្រុមនគរបាលការពារក្រុមចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើង នៅភាគនិរតីប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និងជាង ៣០នាក់រងរបួស រយៈពេលត្រឹមតែពីរថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធបានបញ្ចប់បទឈប់បាញ់។

ក្រុម Tehreek-e-Taliban Pakistan (TTP) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅជិតក្រុង Quetta ខេត្ត Balochistan នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលបានដោយសារព័ត៌មាន Reuters។ មន្ត្រីនគរបាលម្នាក់បាននិយាយថា ជនរងគ្រោះដោយការបំផ្ទុះគ្រាប់បែកអត្តឃាតរួមមាននគរបាលម្នាក់ ម្នាក់ស្ត្រី និងកុមារម្នាក់ ហើយអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីនិយាយថា អ្នករងរបួសម្នាក់បានស្លាប់នៅមន្ទីរពេទ្យ ហើយមន្ត្រីនគរបាល ១៥នាក់ស្ថិតក្នុងចំណោមអ្នករបួស។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅក្នុងប្រទេសប៉ាគីស្ថាន ជាញឹកញាប់បានកំណត់គោលដៅលើក្រុមចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង ដោយបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបង្ការគឺជាឧបករណ៍របស់ប្រទេសលោកខាងលិច ដើម្បីស៊ើបការណ៍លើពួកគេ និងធ្វើឱ្យប្រជាជនមូស្លីមមិនអាចមានកូនបាន៕
អត្ថបទ៖ ប៊ុនថន