ម៉ិកស៊ិក៖ យ៉ាងហោចណាស់មនុស្ស ១៩នាក់បានរងរបួសនៅពេលដែលបំពង់បង្ហូរប្រេងរបស់រដ្ឋក្រុមហ៊ុន Petroleos Mexicanos (Pemex) បានផ្ទុះនៅភាគខាងកើតប្រទេសម៉ិកស៊ិក ខណៈបុគ្គលិកព្យាយាមគ្រប់គ្រងការលេចធ្លាយឧស្ម័ន។
ការផ្ទុះនេះបានកើតឡើងនៅក្រុង Agua Dulce ភាគខាងត្បូងរដ្ឋ Veracruz នៅពេលដែលបុគ្គលិករបស់ក្រុមហ៊ុនប្រេងប្រទេសម៉ិកស៊ិកកំពុងធ្វើការ ដើម្បីគ្រប់គ្រងការលេចធ្លាយឧស្ម័នអេតាន ដែលត្រូវបានរាយការណ៍ដោយពលរដ្ឋក្នុងតំបន់។ ការិយាល័យការពារជនស៊ីវិលរដ្ឋ Veracruz និយាយថា មន្ត្រីបានរងរបួសដោយសារតែការរលាក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។
មនុស្សប្រមាណ ៩០នាក់ដែលរស់នៅក្នុងតំបន់នេះត្រូវបានជម្លៀសចេញ និងបានប្តូរទៅទីកាន់ទីជម្រកបណ្តោះអាសន្នជាវិធានការប្រុងប្រយ័ត្នជាមុន ខណៈកំពុងរង់ចាំឧស្ម័ននៅក្នុងបំពង់បង្ហូរប្រេងអស់ ដើម្បីចាប់ផ្តើមជួសជុលឡើងវិញ។ ការលួចប្រេងឥន្ធនៈបាននាំឱ្យមានគ្រោះថ្នាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសម៉ិកស៊ិក។ កាលពីឆ្នាំ២០១៩ មនុស្សជាង ១០០នាក់បានស្លាប់ដោយសារតែការផ្ទុះ បង្កឡើងដោយបំពង់បង្ហូរប្រេងខុសច្បាប់នៅក្នុងរដ្ឋ Hidalgo៕
អត្ថបទ៖ ប៊ុនថន