កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ទូកងតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមនិងទូកងតាមខេត្តផ្សេងៗទៀត បានចូលរួមក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅខេត្តកំពង់ឆ្នាំង។ ក្នុងនោះនឹងមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរច្រើនកុះករមកកំសាន្តសប្បាយនៅក្នុងខេត្តកំពង់ឆ្នាំង ព្រោះប្រទេសជាតិយើងមានសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តថា៖ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ មិនមែនទាក់ទាញតែប្រជាពលរដ្ឋខ្មែរជាម្ចាស់ទឹកដី ម្ចាស់ប្រពៃណីនោះទេ គឺមានភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនផងដែរ បានស្កាត់ចូលមកខេត្តកំពង់ឆ្នាំង ដើម្បីទស្សនាដោយផ្ទាល់នៃព្រឹត្តិការណ៏ប្រចំាឆ្នាំលើដងទន្លេសាបនេះផងដែរ។ ការរៀបចំពិធីអុំទូកនៅខេត្តកំពង់ឆ្នាំងឆ្នាំនេះ បានផ្តល់អត្ថប្រយោជន៍ និងភាពសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋបានជួបជុំគ្នាទស្សនាការប្រណាំងទូក ទស្សនាការបាញ់កាំជ្រួច ជាពិសេសជាឱកាសសម្រាប់អាជីវករក្នុងការលក់ដូរបង្កើនចំណូលក្នុងក្រុមគ្រួសារថែមទៀត។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងបន្ថែមថា៖ ការរៀបចំពិធីអុំទូកនេះឡើង ក្នុងគោលបំណងចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងខេត្តនិងនៅតាមបណ្ដាខេត្តផ្សេងៗ បានជួបជុំគ្នាសប្បាយរីករាយ រំសាយការហត់នឿយ ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ជាពិសេសជំងឺកូវីដ១៩មានសភាពថមថយទៅវិញ ។ ពិធីនេះក៏បានចូលរួមចំណែកជួយទៅដល់ផ្នែកសេវាកម្ម និងអាជីវករបានមួយផ្នែកផងដែរ ដែលបានធ្វើឱ្យមានភាពល្អប្រសើរក្នុងជីវភាពគ្រួសារ ។ ការរៀបចំនូវព្រឹត្តិការណ៍នេះឡើងបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋ ដូចនេះក្រៅពីការសប្បាយរីករាយ យើងបានជួយដល់ការផ្តល់សេវា គឺសេវាស្នាក់នៅ សេវាចំណីអាហារ ការលក់ដូរ និងការធ្វើអាជីវកម្មនៅក្នុងក្រុងកំពង់ឆ្នាំង ដែលទទួលបានការទិញលក់ច្រើន នេះហើយជួយដល់សេដ្ឋកិច្ចគ្រួសារនៅក្នុងសហគមន៍នៅក្នុងខេត្តរបស់យើងបានមួយកម្រិតថែមទៀត ជាពិសេសភ្ញៀវទាំងអស់បានស្គាល់ពីអ្វីដែលជាអត្តសញ្ញាណខេត្ត ថាតើខេត្តយើងមានអ្វីខ្លះ។
កម្មវិធីប្រណាំងទូកនេះមានទូកចូលរួមចំនួន២៩ទូក ក្នុងនោះរួមមានទូកចែវបុរសមាន៩ទូក, ទូកចែវនារី១ទូក, ទូកអុំខ្នាតវែង៣ទូក, និងទូកខ្នាតអន្តរជាតិចំនួន១៦ទូក ។ ពិធីអុំទូក បណ្តែតប្រទីប និងបាញ់កាំជ្រួច បានប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ដោយឡែកចំពោះការដាក់តាំងពិព័រណ៌ និងការប្រគុំតន្ត្រីខ្នាតធំ ចាប់ពីថ្ងៃទី០២រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយមាត់ទន្លេក្រុងកំពង់ឆ្នាំង ៕ អត្ថបទ ៖ ហុង វាស្នា




