ធុរកិច្ចបង្កើតថ្មីចំនួន ៧ ក្រុម ក្នុងនោះមាន ៤ ក្រុមមកពី Ideation Stage និង ៣ ក្រុមមកពី MVP Stage ដែលជាប់ជ័យលាភី ត្រូវបាន(NICC) ជួយជ្រោមជ្រែង បណ្តុះបណ្តាលអាជីវកម្ម រយៈពេល ១ឆ្នាំបន្ថែម ក្នុងការផ្តល់ឱកាសដល់យុវជនកម្ពុជា អាចបង្កើតអាជីវកម្មថ្មី បានដោយខ្លួនឯង។
មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធី Bandos Digital Startup ២០២២ ជាកម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានទេពកោសល្យ ចូលរួមបង្កើតដំណោះស្រាយបែបឌីជីថល ជាមួយភាពច្នៃប្រឌិត ដើម្បីឈានទៅរកការបង្កើតធុរកិច្ចថ្មី។
ទាក់ទងការប្រកួតប្រជែងនេះ សម្រាប់វគ្គជម្រុះដំបូង គណៈកម្មការវាយតម្លៃ និងជ្រើសរើសក្រុមធុរកិច្ចថ្មី ចំនួន ១៥ ក្រុម ក្នុងនោះ១០ក្រុម មកពី Ideation Stage និង ៥ក្រុម មកពី Product-Market Fit (MVP Stage) ដើម្បីទទួលបានការបណ្តុះបណ្តាល ណែនាំ និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញក្នុងស្រុក និងក្រៅស្រុករយៈពេល ៤ សប្តាហ៍។ ក្នុងដំណាក់កាលនេះ ក្រុមធុរកិច្ចថ្មី បានធ្វើការកែតម្រូវបន្ថែមលើគំនិត និងគម្រោងអាជីវកម្មរបស់ក្រុមពួកគេ ដើម្បីត្រៀមខ្លួនធ្វើបទបង្ហាញនៅវគ្គផ្តាច់ព្រ័ត្រ។
តាមរយៈការវាយតម្លៃទៅលើគំនិត និងគម្រោងអាជីវកម្មរបស់ក្រុមធុរកិច្ចថ្មីនីមួយៗ ប្រកបដោយជំនាញវិជ្ជាជីវៈ និងសុក្រឹតភាព ពីសំណាក់គណៈកម្មការ ៥ រូប នៅវគ្គផ្តាច់ព្រ័ត្រនេះ បានសម្រចជ្រើសរើសក្រុមជ័យលាភីចំនួន៧ ក្នុងនោះមាន ៤ក្រុមមកពី Ideation Stage (រួមមាន ក្រុម Skinorea, ក្រុម Zippy ,ក្រុម OneNext និងក្រុម New Day) និង ៣ ក្រុមមកពី MVP Stage (មានក្រុម Snoopedu, ក្រុម Unseentra និងក្រុម Tap App )ដើម្បីបន្តដំណើរក្នុងកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម រយៈពេល១ឆ្នាំ ជាមួយមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា NICC ។
បើតាមប្រសាសន៍ លោកបណ្ឌិត ស្រ៊ុន សុវិឡា នាយក NICC បញ្ជាក់ឲ្យដឹងថា ក្រុមជ័យលាភីទាំង ០៧ មិនត្រឹមទទួលបានហិរញ្ញទាន ១០,០០០ ដុល្លារអាមេរិក ពី NICC ដើម្បីបង្កើត និងពង្រឹងអាជីវកម្មរបស់ពួកគេប៉ុណ្ណោះទេ ក្រុមជ័យលាភីទាំង ៧នឹងទទួលបានការបណ្តុះបណ្តាល ណែនាំបន្ថែម ពីអ្នកជំនាញ NICC និងអ្នកជំនាញក្រៅប្រទេសផងដែរ ។ លើសពីនេះទៅទៀត ក្រុមធុរកិច្ចទាំង ៧ នឹងមានឱកាសចូលរួមក្នុងកម្មវិធី Pitching ឬ Forum នៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងមានឱកាសបង្កើត និងបង្កើនបណ្តាញទំនាក់ទំនងទៅកាន់បណ្តាញជាតិ និងអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ការបង្កើតបណ្តាញទំនាក់ទំនង សន្និសីទ និងកម្មវិធីសិក្ខាសាលាដែលរៀបចំឡើងដោយ NICC និងដៃគូពាក់ព័ន្ធ៕







